ក្នុងបម្រែបម្រួលដ៏សំខាន់ឆ្ពោះទៅរកការធានាសន្តិសុខជាក់ស្តែង ចក្រភពអង់គ្លេស បារាំង និងអ៊ុយក្រែន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី៦ខែមករាឆ្នាំ២០២៦ ក្នុងទីក្រុងប៉ារីស ដោយប្តេជ្ញាដាក់ពង្រាយកងកម្លាំងអឺរ៉ុបនៅលើទឹកដីអ៊ុយក្រែន បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។
យោងតាម ABC News កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដោយមានគោលដៅបង្កើត «មជ្ឈមណ្ឌលយោធា» នៅទូទាំងប្រទេសអ៊ុយក្រែន ដើម្បីការពារដែនអាកាស ដែនសមុទ្រ និងជួយស្ដារវិស័យការពារជាតិឡើងវិញ។
កិច្ចប្រជុំកំពូលនៃ «សម្ព័ន្ធមិត្តស្ម័គ្រចិត្ត (Coalition of the Willing)»នេះ ក៏មានការចូលរួមពីគណៈប្រតិភូសហរដ្ឋអាមេរិក រួមមានប្រេសិតពិសេស លោក Steve Witkoff និងទីប្រឹក្សាប្រធានាធិបតី លោក Jared Kushner ដែលបង្ហាញពីការយល់ឃើញរួមគ្នាដ៏កម្ររវាងអឺរ៉ុប និងអាមេរិក លើកិច្ចការស្ថិរភាពក្រោយជម្លោះ។ ខណៈដែលតួនាទីរបស់អាមេរិកផ្តោតសំខាន់លើការត្រួតពិនិត្យបទឈប់បាញ់តាមរយៈបច្ចេកវិទ្យាកម្រិតខ្ពស់ លោក Witkoff បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹង «គាំទ្រ» កងកម្លាំងពហុជាតិនេះ ក្នុងករណីមានការវាយប្រហារ។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានចូលរួមផងដែរ ដោយបង្ហាញឆន្ទៈក្នុងការដាក់ពង្រាយកងទ័ពអាល្លឺម៉ង់ទៅកាន់ដែនដីនៃប្រទេសជិតខាងដែលជាសមាជិកណាតូ ដើម្បីពង្រឹងបេសកកម្មនេះ ប៉ុន្តែលោកមិនទាន់ឈានដល់ការបញ្ជូនកងទ័ពចូលក្នុងទឹកដីអ៊ុយក្រែននៅឡើយទេ។
ទោះបីជាមានវឌ្ឍនភាពក្នុងចំណោមសម្ព័ន្ធមិត្តក៏ដោយ ក៏ក្រុមមេដឹកនាំបានព្រមានថា ផ្លូវឆ្ពោះទៅរកបទឈប់បាញ់នៅតែមានភាពលំបាកខ្លាំង។ នាយករដ្ឋមន្ត្រី Starmer បានព្រមានថា «ដំណាក់កាលលំបាកបំផុតគឺនៅខាងមុខ» ដោយលោកលើកឡើងថា មិនទាន់មានភស្តុតាងដែលថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនធ្វើការសម្រុះសម្រួលនោះទេ។ វិមានក្រឹមឡាំងបានបដិសេធជាបន្តបន្ទាប់ចំពោះវត្តមានកងទ័ពនៃប្រទេសសមាជិកណាតូ ក្នុងប្រទេសអ៊ុយក្រែន ដោយចាត់ទុកសំណើនេះថាជារឿងដែលមិនអាចទទួលយកបាន។ ទោះជាយ៉ាងណាក៏ដោយ លោក Zelenskyy បានសាទរចំពោះសេចក្តីថ្លែងការណ៍នេះថាជា «សមិទ្ធផលដ៏ធំធេង» ដែលផ្ដល់នូវ «ខ្លឹមសារជាក់ស្តែង» ក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត៕


