ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ធ្វើទស្សនកិច្ច ទៅកាន់សេតវិមាន ក្រោយការសម្លុតគំរាម

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៧ ខែមករា បានអញ្ជើញប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ធ្វើទស្សនកិច្ច ទៅកាន់សេតវិមាន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានគំរាមមេដឹកនាំកូឡុំប៊ីជាមួយការធ្វើសកម្មភាពយោធាជុំវិញការចោទប្រកាន់ពីការរត់ពន្ធគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីរូបលោកបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក Petro ដែលជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងបំផុត រវាងមេដឹកនាំទាំង២ ចាប់តាំងពីលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាឆ្នាំមុនមក។ តាមលោក ត្រាំ រូបលោកមានគម្រោងជួបលោក Petro ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

យោធាអាមេរិកបានបើកការវាយប្រហារលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន និងបានចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់លោកបញ្ជូនទៅ កាត់ទោសនៅសហរដ្ឋអាមេរិក។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ត្រាំ ក៏បាន ព្រមានពីការធ្វើសកម្មភាពយោធាបែបនេះប្រឆាំងនឹងកូឡុំប៊ីផងដែរ។ លោក ត្រាំ បានចោទប្រកាន់ដោយមិនបានបង្ហាញភស្តុតាងថាមេដឹកនាំកូឡុំប៊ីមានជាប់ពាក់ព័ន្ធនឹង ការជួញដូរគ្រឿងញៀន ហើយបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើលោក Petro និងក្រុមគ្រួសាររបស់លោកទៀតផង។

នៅពេលត្រូវបានសាកសួរថាតើការធ្វើអន្តរាគមន៍យោធាប្រឆាំងវ៉េណេស៊ុយអេឡា អាចនឹងត្រូវបានអនុវត្តជាថ្មីលើកូឡុំប៊ីឬ? លោក ត្រាំ បានឆ្លើយថាវាស្ដាប់មើលទៅ គឺល្អសម្រាប់ខ្ញុំ។

គួរបញ្ជាក់ថា លោក Petro បានអំពាវនាវឱ្យមានការធ្វើបាតុកម្មតវ៉ានៅទូទាំងកូឡុំប៊ី កាលពីថ្ងៃពុធ ដើម្បីប្រឆាំងនឹងការសម្លុតគំរាមរបស់លោក ត្រាំ។ លោកបានរិះគន់ធ្ងន់ៗប្រឆាំងនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ លោក Petro ហាក់បន្ទន់ជំហរ និងបន្ថយសំឡេងវិញ ដោយនិយាយថារូបលោកបានស្នើទៅកាន់លោក ត្រាំថាប្រទេសទាំង២គួរតែបង្កើតការទំនាក់ទំនងគ្នាដោយផ្ទាល់ឡើងវិញរវាងកម្រិតរដ្ឋមន្ត្រីការបរទេស និងប្រធានាធិបតី៕

ព័ត៌មានទាក់ទង