ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ច្រើនឆ្នាំទៀត

ថ្លែងប្រាប់ New York Times កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ច្រើនឆ្នាំទៀត។

ដ្បិតមិនបញ្ជាក់ច្បាស់ ប៉ុន្តែលោកត្រាំ អះអាងថា មានតែពេលវេលាប៉ុណ្ណោះដែលនឹងប្រាប់ថាតើការពាក់ព័ន្ធរបស់អាមេរិក នឹងអូសបន្លាយពេលយូរឆ្នាំប៉ុនណា ហើយថា អាមេរិកមិនមានគម្រោងដកខ្លួនចេញភ្លាមៗនោះទេ បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ។

ទន្ទឹមនោះ លោក ត្រាំ ក៏មិនបញ្ជាក់ដែរថា តើការបោះឆ្នោតនឹងត្រូវរៀបចំឡើងនៅពេលណា ឬយ៉ាងណានោះទេ ដើម្បីជំនួសរដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយជំនិតលោក ម៉ាឌូរ៉ូ គឺលោកស្រី ឌែលស៊ី រ៉ូទ្រីហ្គេស។

សម្តីលោកត្រាំកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីមន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​បញ្ជាក់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវគ្រប់គ្រងការលក់ប្រេង និងចំណូលរបស់វ៉េណេស៊ុយអេឡាដោយមិនកំណត់ពេល ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថិរភាព និងធានាថាប្រទេសនេះធ្វើសកម្មភាពស្របតាមផលប្រយោជន៍របស់អាមេរិក។

តាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក Chris Wright, ទីក្រុងវ៉ាស៊ីនតោនត្រូវការអានុភាពលើចំណូលពីប្រេង ដើម្បីជំរុញការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីកងកម្លាំងអាមេរិកបានផ្តួលរំលំប្រធានាធិបតី ម៉ាឌូរ៉ូ កាលពីចុងសប្តាហ៍មុន។

អាមេរិកគ្រោងនឹងលក់ប្រេងឆៅដែលវ៉េណេស៊ុយអេឡាបានស្តុកទុកមុនគេ បន្ទាប់មកនឹងលក់ផលិតកម្មនាពេលអនាគត ដោយចំណូលដែលទទួលបាននឹងត្រូវដាក់ក្នុងគណនីដែលគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន។

សូមជម្រាបជាថ្មី អាមេរិកបានបើកប្រតិបត្តិការយោធាពិសេស «Operation Absolute Resolve» នៅវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយានៅថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦ ដោយចោទថា ប្រធានាធិបតីរូបនេះ ជាមេគ្រឿងញៀននិងនៅពីក្រោយក្រុមភេរវករដែលគំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិក៕

ព័ត៌មានទាក់ទង