លោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធ២៥% លើទំនិញនាំចូលរបស់ប្រទេសទាំងឡាយណាដែលរកស៊ីជាមួយអ៊ីរ៉ង់

នៅថ្ងៃចន្ទទី១២ខែមករាឆ្នាំ២០២៦ (ពេលវេលានៅអាមេរិក) ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធ២៥% លើទំនិញនាំចូលរបស់ប្រទេសទាំងឡាយណាដែលរកស៊ីជាមួយអ៊ីរ៉ង់។

លោកត្រាំប្រកាសបែបនេះនៅលើបណ្តាញសង្គម Truth Social ដោយសរសេរថា៖ «ចាប់ពីពេលនេះតទៅ ប្រទេសណាក៏ដោយដែលធ្វើអាជីវកម្មជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងត្រូវបង់ពន្ធគយ ២៥% លើរាល់អាជីវកម្មដែលកំពុងធ្វើជាមួយសហរដ្ឋអាមេរិក។ បទបញ្ជានេះគឺជាការសម្រេចចុងក្រោយនិងជាស្ថាពរ។ សូមអរគុណចំពោះការយកចិត្តទុកដាក់លើបញ្ហានេះ!»។

ការសម្រេចរបស់ប្រធានាធិបតីអាមេរិក ត្រូវគេដឹងយ៉ាងច្បាស់ថា មានគោលដៅដាក់សម្ពាធលើប្រទេសចិននិងរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្មយ៉ាងស្អិតរមួតជាមួយអ៊ីរ៉ង់។

សេចក្តីប្រកាសនេះទៀតសោត បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក គំរាមវាយប្រហារអ៊ីរ៉ង់ ពាក់ព័ន្ធការសម្លាប់ក្រុមបាតុករ ហើយលោក ត្រាំ ក៏ថ្លែងកាលពីថ្ងៃសៅរ៍ដែរថា ទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលជួយ។

យ៉ាងណាលោក ត្រាំ មិនបញ្ជាក់ថាតើនឹងជួយដោយរបៀបណានោះទេ ប៉ុន្តែគេមើលឃើញថា ការចូលអន្តរាគមន៍របស់អាមេរិក គឺគ្មានអ្វីក្រៅពីជម្រើសយោធាឡើយ។

សូមជម្រាបជាថ្មី បាតុកម្មបានចាប់ផ្តើមឡើងដោយសារតវ៉ាលើបញ្ហាអតិផរណាដែលហក់ឡើងខ្ពស់ខ្លាំង ប៉ុន្តែឥឡូវនេះបានក្លាយជាការទាមទារឲ្យបញ្ចប់ការគ្រប់គ្រងតាមបែបសាសនារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។

យោងតាមតួលេខចុងក្រោយ គិតត្រឹមរសៀលថ្ងៃចន្ទ, ការបង្ក្រាបបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្ស ៥៣៨នាក់ហើយ ខណៈជាង ១០ ៦០០​​នាក់ទៀត កំពុងជាប់ឃុំ៕

ព័ត៌មានទាក់ទង