អគ្គិភ័យបានឆាបឆេះភ្នំ Samae San នៅប្រទេសថៃ ទាំងមិនដឹងមូលហេតុ ខណៈហេតុការណ៍នេះធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោ
អគ្គិភ័យបានឆាបឆេះភ្នំ Samae San នៅប្រទេសថៃ ទាំងមិនដឹងមូលហេតុ ខណៈហេតុការណ៍នេះធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោ រត់ចេញពីលំនៅដ្ឋាន ខ្លាចភ្លើងរាលដាលដល់ផ្ទះរបស់ពួកគេ។
តាមការផ្សាយរបស់ Khaosod, ភ្នំនេះមានទីតាំងស្ថិតនៅក្នុងភូមិ Nong Krachong ឃុំ Samae San ស្រុក Sattahip នៃខេត្ត Chonburi។
ទោះមិនដឹងមូលហេតុ ប៉ុន្តែអាជ្ញាធរសន្និដ្ឋានថា ដំបូងភ្លើងប្រហែលឆេះស្មៅលើភ្នំនាម៉ោង៥:៣០នាទីល្ងាចថ្ងៃចន្ទទី១២ខែមករារួចក៏រាលដាលខ្លាំងឡើងៗតែម្តង។ វាមានសភាពធ្ងន់ធ្ងរ បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅខ្មួលខ្មាញ់ បង្ខំឲ្យក្រុមពន្លត់អគ្គិភ័យប្រើប្រាស់រថយន្តជាង១០គ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍។
ដោយសារតែភាពកាចសាហាវនៃអណ្តាតភ្លើងនិងការឆេះរាលយ៉ាងលឿន ពលរដ្ឋដែលរស់នៅក្បែរនោះ ក៏ប្រញាប់ប្រញាល់ជម្លៀសចេញពីផ្ទះសម្បែងទាំងអារម្មណ៍ភិតភ័យនិងស្លន់ស្លោ មុនគ្រោះថ្នាក់មកដល់។
មកទល់ពេលនេះ ប៉ូលិសថៃ កំពុងធ្វើការស៊ើបអង្កេត ដើម្បីរកមូលហេតុពិតនៃអគ្គិភ័យ៕


