ឯកឧត្តម ហួត ហាក់ មានជំនឿជឿជាក់ថា នៅឆ្នាំ២០២៦នេះ កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិមកទស្សនាកើនឡើងលើសឆ្នាំ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ មានជំនឿជឿជាក់ថា នៅឆ្នាំ២០២៦នេះ កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិមកទស្សនាកើនឡើងលើសឆ្នាំ២០២៥ ខណៈឆ្នាំ២០២៦នេះ រដ្ឋនិងឯកជនបានរួមសាមគ្គីគ្នា ក្នុងការអនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនច្រើននៅតាមបណ្តាប្រទេសនានា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នវិស័យរដ្ឋ និងឯកជន បានរួមសហការសាមគ្គីគ្នា អនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនជាច្រើនដូចជា ការពង្រីកទីផ្សារ , ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ , ផ្សព្វផ្សាយគោលដៅទេសចរណ៍ , រៀបចំព្រឹត្តិការណ៍ឆ្នាំទេសចរណ៍កម្ពុជា ចិន កម្ពុជា ឥណ្ឌា និងរៀបចំកញ្ចប់ទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត ។
ឯកឧត្តមបន្តថា គ្រប់ភាគីព័ន្ធក្នុងវិស័យទេសចរណ៍ បានរួមគ្នាពង្រឹងភាពធន់ និងបានត្រៀមខ្លួនរួចរាល់ ទប់ទល់ភាពប្រែប្រួលវិបត្តិពិភពលោកក្នុងឆ្នាំ២០២៦ រួមទាំងវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណជិត៥លាននាក់ ខណៈទេសចរក្នុងស្រុកចេញដើរកម្សាន្តប្រមាណជិត២៤លាននាក់ ។ ក្នុងនោះ គោលដៅទេសចរណ៍ធំៗចំនួន២នៅកម្ពុជាមាន២តំបន់ គឺនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៥ ទទួលបានទេសចរអន្តរជាតិទៅទស្សនាបានប្រមាណជិត៩៦ម៉ឺននាក់ ។ ដោយឡែកគោលដៅទេសចរណ៍រាជធានីភ្នំពេញវិញ ទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត១លាន៩សែននាក់ ៕
ប្រភព៖ ក្រសួងព័ត៌មាន


