ភ្នំពេញ៖ ថៃ សុំលើកពេលប្រជុំពិសេសនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ជាលើកទី២ ខណៈកម្ពុជាស្នើរៀបចំឡើងនៅសប្ដាហ៍ទី២ ឬសប្ដាហ៍ទី៣ ខែមករា នៅខេត្តសៀមរាប។ ការសុំលើកពេលប្រជុំរបស់ភាគីថៃ គឺធ្វើឡើងក្រោមហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុងនៃការតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ-JBC បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើត ឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈនាពេលខាងមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
អំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿន ការអនុវត្តការងារលើដីជាក់ស្តែង ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះលើដីជាក់ស្ដែងឡើងវិញ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់នៅថ្ងៃទី១៤ ខែមករា ថា ការស្នើនេះ គឺដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ និង បង្គោលលេខ៥២-៥៩ នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា។ ហើយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ នឹងទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកំណត់ពេលវេលានិងទីតាំងជាក់លាក់នៃការចុះលើដីជាក់ស្តែង។
ជាមួយគ្នានេះ កម្ពុជា ស្នើឱ្យភាគីថៃ ចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដ ដែលភាគីទាំងពីរបានឯកភាពគ្នា។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថា ៖ « ការស្នើពន្លឿនការអនុវត្តការងារបោះបង្គោលបណ្ដោះអាសន្ន និងសង់បង្គោលព្រំដែននេះ គឺកម្ពុជាធ្វើឡើងតាមការឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។ ហើយការស្នើនេះដែរ កម្ពុជាបានធ្វើកំណត់ទូត កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។»។
សូមជម្រាបថា ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរកម្ពុជា-ថៃ បានចាប់ផ្ដើមធ្វើការវាស់វែងនិង បោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២-៥៩ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប៉ុន្តែ ត្រូវបានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារ តែបានប្រើកម្លាំងយោធាឈ្លានពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អះអាងបន្ថែមថា JBC កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ។ ពោល កម្ពុជាគឺគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ហេតុនេះ JBC កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយ JBC ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន។
« កម្ពុជា មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង»។ នេះជាការអះអាងជាថ្មីរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៕

