UNESCO នឹងមកត្រួតពិនិត្យប្រាសាទព្រះវិហារ ដែលបំផ្លាញដោយយោធាថៃ

អង្គការ UNESCO នឹងមកត្រួតពិនិត្យប្រាសាទព្រះវិហារក្នុងពេលឆាប់ៗនេះ ដែលត្រូវបានបំផ្លាញដោយយោធាថៃក្នុងអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ ថ្ងៃទី១៤ ខែមករានេះ។ 

ការពិនិត្យផ្ទាល់ដោយអ្នកជំនាញអង្គការ UNESCO អំពីការខូចខាត គឺជាការងារចាំបាច់ដែលត្រូវចុះមកពិនិត្យ ក្នុងពេលឆាប់ៗនេះ។ របាយការណ៍នៃការខូចខាតនេះ គឺជាជំហានមួយដ៏ចាំបាច់ ដើម្បីបន្តទៅជំហានផ្សេងៗទៀត ដើម្បីថែរក្សាការពារ និងដាក់ចេញនូវវិធានការទាំងឡាយដើម្បីអភិរក្សជួសជុលប្រាសាទ ចាត់វិធានការពារកុំឱ្យមានការបំផ្លិចបំផ្លាញតទៅទៀត ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងបន្តធ្វើការ។

ការបញ្ជាក់ពីគម្រោងចុះមកពិនិត្យនេះ បន្ទាប់ពីក្រសួងវប្បធម៌ បានបង្ហាញពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដាឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ៕

ព័ត៌មានទាក់ទង