ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមប្រើយោធាបង្រ្កាបបាតុកម្មនៅរដ្ឋ Minnesota

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងប្រើប្រាស់ច្បាប់បង្រ្កាបការបះបោរនិងអំពើហិង្សាក្នុងស្រុក Insurrection Act ដើម្បីដាក់ពង្រាយកងកម្លាំងយោធាទៅកាន់រដ្ឋ Minnesota ក្រោយមានការធ្វើបាតុកម្មជាច្រើនថ្ងៃមកហើយ ប្រឆាំងការបង្កើតវត្តមានក្រុមភ្នាក់ងារអន្តោប្រវេសន៍ នៅតាមដងផ្លូវ ក្នុងទីក្រុង Minneapolis។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការប្រឈមមុខដាក់គ្នារវាងប្រជាជននិងមន្រ្តីសហព័ន្ធ មានភាពតានតឹងកាន់តែខ្លាំងឡើងៗ ចាប់តាំងពីភ្នាក់ងារប៉ូលិសអន្តោប្រវេសន៍ ឬ ICE បានបាញ់សម្លាប់ស្រ្តីជាពលរដ្ឋអាមេរិកម្នាក់ឈ្មោះ Renee Good ក្នុងរថយន្តកាលពី៨ថ្ងៃមុន នៅទីក្រុង Minneapolis ហើយឥឡូវការធ្វើបាតុកម្ម បានរាលដាលដល់ទីក្រុងដទៃទៀត។

លោក ត្រាំ បានបង្ហោះសារព្រមានលើបណ្តាញសង្គមថា ប្រសិនបើអ្នកនយោបាយពុករលួយ នៅរដ្ឋ Minnesota មិនព្រមគោរព​ច្បាប់ ហើយបញ្ឈប់ពួកបំផុសបំផុលអំពើហិង្សានិងការបះបោរ ពីការវាយប្រហារមកលើក្រុមភ្នាក់ងារ ICE ដែលជាអ្នកស្នេហាជាតិ កំពុងបំពេញតួនាទីរបស់ខ្លួនទេនោះ រូបលោកនឹងសម្រេចប្រើប្រាស់ច្បាប់ Insurrection Act ជាក់ជាមិនខាន។ សារគំរាមនេះ ធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសអន្តោប្រវេសន៍អាមេរិក បានបាញ់បុរសជនជាតិវ៉េណេស៊ុយអេឡាម្នាក់ ដែលរដ្ឋាភិបាល​អះអាងថា បានរត់គេចពីអាជ្ញាធរ ដែលបានព្យាយាមឃាត់រថយន្តរបស់ជននោះ នៅទីក្រុង Minneapolis។ បុរសម្នាក់នោះ បានរងរបួសចំជើង។

គិតត្រឹមពេលនេះ លោក ត្រាំ បានបញ្ជូនមន្រ្តីសហព័ន្ធសរុបជិត៣០០០នាក់រួចស្រេចហើយ ទៅកាន់ទីក្រុង Minneapolis ដោយពួកគេទាំងនោះ ប្រដាប់ដោយកាំភ្លើង ពាក់ឯកសណ្ឋាននិងសម្ភារស្រដៀងទៅនឹងយោធា ហើយប្រើម៉ាសបិទបាំងមុខ។ រដ្ឋបាលលោក ត្រាំ ដែលមកពីបក្សសាធារណរដ្ឋ និង​ថ្នាក់ដឹកនាំរបស់រដ្ឋ Minnesota ដែលមកពីបក្សប្រជាធិបតេយ្យ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក សម្រាប់ការដុតបញ្ឆេះកំហឹងនិងអំពើហិង្សា។

គួរបញ្ជាក់ថា ច្បាប់ Insurrection Act ឆ្នាំ១៨០៧ គឺជាច្បាប់មួយអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិក ដាក់ពង្រាយយោធាទៅ​បង្រ្កាបការបះបោរ ឬអំពើហិង្សាក្នុងស្រុក ដែលជាការលើកលែងចំពោះច្បាប់ ដែលហាមឃាត់មិនឱ្យប្រើប្រាស់ទាហាន ក្នុងកិច្ចការងារ​អនុវត្តច្បាប់ព្រហ្មទណ្ឌឬច្បាប់ស៉ីវិល៕

ព័ត៌មានទាក់ទង