ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យតម្រុយពីការប្រើប្រាស់យោធាដើម្បីវាយយកកោះ Greenland

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យតម្រុយពីការប្រើប្រាស់យោធាដើម្បីវាយយកកោះ Greenland មកគ្រប់គ្រង ដែលរឿងនេះ ពិភពលោកកំពុងព្រួយបារម្ភខ្លាំងបំផុតនិងបង្ហាញពីការបែកបាក់នៅក្នុងអង្គការណាតូ។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦។

នៅពេលអ្នកកាសែត NBC សួរលោកត្រាំ អំពីលទ្ធភាពនៃការច្រានចោលជម្រើសយោធា នៅកោះ Greenland នោះ ប្រធានាធិបតីអាមេរិករូបនេះ មិនមានយោបល់អ្វីឡើយ ហើយលោកក៏មិនបដិសេធដែរ ដែលនេះជាតម្រុយនៃការប្រើប្រាស់កម្លាំង។

យ៉ាងណា លោកនិយាយថា៖ «អឺរ៉ុបគួរតែផ្ដោតអារម្មណ៍លើសង្គ្រាមជាមួយរុស្ស៊ី និងអ៊ុយក្រែនវិញទៅ ព្រោះនិយាយតាមត្រង់ អ្នកឯងឃើញស្រាប់ហើយថា តើរឿងនោះបានផ្តល់អ្វីខ្លះដល់ពួកគេ នោះហើយគឺជាអ្វីដែលអឺរ៉ុបគួរតែផ្ដោតអារម្មណ៍ មិនមែនរឿង Greenland ឡើយ»។

ជុំវិញបញ្ហានេះ ប្រទេសដាណឺម៉ាកវិញ បានព្រមានរួចហើយថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅ Greenland នឹងក្លាយជាទីបញ្ចប់នៃអង្គការ ណាតូ ជាក់ជាមិនខាន។

រឿងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បង្ហោះសារលើបណ្តាញសង្គម Truth Social​ កាលពីថ្ងៃសៅរ៍ទី១៧ខែមករាឆ្នាំ២០២៦ថា៖ «ពន្ធនាំចូលបន្ថែម១០% នឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ ខែកុម្ភៈ លើទំនិញមកពីប្រទេសចំនួន ៨ នៅអឺរ៉ុប។ ពន្ធទាំងនោះនឹងត្រូវដំឡើងដល់ ២៥ ភាគរយ នៅថ្ងៃទី១ ខែមិថុនា ហើយនឹងបន្តអនុវត្តរហូតទាល់តែមានកិច្ចព្រមព្រៀងសម្រេចបានសម្រាប់សហរដ្ឋអាមេរិក ក្នុងការទិញយកកោះ Greenland»។

លោកត្រាំបន្តថា៖ ប្រទេសទាំងនោះ ដូចជាដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ដែលកំពុងលេងល្បែងដ៏គ្រោះថ្នាក់បំផុតនេះ បានដាក់កម្រិតហានិភ័យមួយមកក្នុងសង្វៀន ដែលមិនអាចទ្រាំទ្របាន ឬមិនអាចបន្តទៅមុខទៀតបានឡើយ។ ហេតុដូច្នេះហើយ វាគឺជាការចាំបាច់បំផុតដែលត្រូវមានវិធានការខ្លាំងក្លា ដើម្បីការពារសន្តិភាព និងសន្តិសុខសកល ដើម្បីឲ្យស្ថានភាពដែលប៉ះពាល់ដល់គ្រោះថ្នាក់ដ៏ខ្លាំងក្លាមួយនេះ អាចបញ្ចប់ទៅបានយ៉ាងឆាប់រហ័ស និងដោយគ្មានមន្ទិលសង្ស័យអ្វីឡើយ។

ជាការប្រឆាំងលោកត្រាំ អ្នកកោះ Greenland ប្រមាណ ៤ ០០០នាក់បាននាំគ្នាធ្វើបាតុកម្មក្នុងទីក្រុង Nuuk កាលពីថ្ងៃសៅរ៍ ស្របពេលនៅរាជធានី កូប៉ិកហាក របស់ប្រទេសដាណឺម៉ាក ឯណោះ ក៏មានការប្រមូលផ្តុំគ្នាទ្រង់ទ្រាយតូច ដើម្បីតវ៉ាទៅមេដឹកនាំអាមេរិកផងដែរ៕

ព័ត៌មានទាក់ទង