កម្ពុជាដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល»

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យ ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដែលជាការបំពេញបន្ថែមលើយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយក្នុងនោះ វិធានការគោលនយោបាយជាច្រើន របស់រាជរដ្ឋាភិបាល ត្រូវបានយកមករៀបចំ, សម្រួល និងសម្រួចឲ្យកាន់តែចំទិសដៅ និងកាន់តែសមស្រប ទៅនឹងបរិការណ៍សង្គម-សេដ្ឋកិច្ច កម្ពុជា, តំបន់ និង សកល, ដែលកំពុងវិវត្តយ៉ាងរហ័ស និងពិបាកប៉ាន់ស្មាន។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីនេះជាផ្លូវការ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តនូវកម្មវិធីនេះ ស្របទៅនឹងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជា និងពិភពលោក កំពុងជួបប្រឈម នោះគឺ ភាពមិនប្រាកដប្រជាខ្ពស់នៃសណ្តាប់ធ្នាប់សកល និង តំបន់ ទាំងលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។

ការណ៍នេះ កំពុងបង្កឲ្យមានបញ្ហាប្រឈម និង ហានិភ័យផ្នែកសន្តិសុខ ដែលជាយថាហេតុ អាចបំផ្លាញសន្តិភាពដ៏ផុយស្រួយ និង អាចបង្កផលប៉ះពាល់អវិជ្ជមាន ដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម, ពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដែលមានមូលដ្ឋានសេដ្ឋកិច្ចនិង អភិបាលកិច្ច មិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយ និង ពឹងផ្អែកខ្លាំង លើរបៀបរបបនៃអភិបាលកិច្ច និង សណ្តាប់ធ្នាប់នៃការដឹកនាំសកល, សាកលភាវូបនីយកម្ម, សេរីភាវូបនីយកម្ម និង ពហុភាគីនិយម ដែលផ្អែកលើវិធាន និង ច្បាប់អន្តរជាតិជាចម្បង។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា«ប្រឈមមុខនឹងស្ថានភាពបែបនេះ, ថ្វីត្បិតតែជាប្រទេសតូច មិនសូវមានជម្រើសច្រើន ប៉ុន្តែកម្ពុជាមិនប្រកាន់យកនូវអភិក្រមបែប «ប្រតិកម្ម» ដោយបាត់ម្ចាស់ការនោះទេ ។ ផ្ទុយទៅវិញ, យើងបានតាំងចិត្តខិតខំពង្រឹងភាពធន់របស់ខ្លួនដែលអាចផ្ដល់នូវលំហសមស្រប សម្រាប់អនុញ្ញាតឲ្យយើង អាចធ្វើសកម្មភាព ក្នុងអភិក្រមបែប «បុរេសកម្ម» ប្រកបដោយភាពបត់បែន និង បរិវត្តកម្ម ស្របទៅនឹងតថភាព និង បរិបទនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជា ក្នុងតំបន់ និង លើសកលលោក ដែលបន្តផ្លាស់ប្ដូរ និង ប្រែប្រួលឥតឈប់ឈរ ព្រមទាំង ឆ្លើយតបទៅនឹងទស្សនវិស័យរយៈពេលវែងរបស់យើង។ ក្នុងន័យនេះ, ការរៀបចំដាក់ចេញ នូវ កម្មវិធីដោយរួមបញ្ចូលនូវផែនការសកម្មភាព និងវិធានការជាក់លាក់, ទាំងសម្រាប់រយៈពេលខ្លី, មធ្យម និង វែង, គួបផ្សំជាមួយនឹងយន្តការតាមដាន និង ត្រួតពិនិត្យច្បាស់លាស់, ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានានូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃការអនុវត្តគោលនយោបាយ និង ផែនការយុទ្ធសាស្តសំខាន់ទាំងឡាយ របស់រាជរដ្ឋាភិបាល សំដៅពង្រឹងអភិបាលកិច្ច, ជំរុញកំណើនសេដ្ឋកិច្ចនិង ធានានិរន្តរភាពនៃការអភិវឌ្ឍ»

បណ្ឌិតសភាចារ្យ ផាន់ ផល្លា, រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ បានឱ្យដឹងថា ការឈានទៅរៀបចំ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងវេទិកា រាជរដ្ឋាភិបាលនិងវិស័យឯកជន កាលពីឆ្នាំ២០២៣ ទើបរដ្ឋភិបាលបានប្រគល់ភារៈកិច្ចជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីរៀបចំ កម្មវិធី នេះឡើង ដែលនឹងជួយដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងរយៈពេលមធ្យម និងវែង ដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ការជំរុញការអភិវឌ្ឍន៍វិស័យជន្ទល់កំណើន និងឧស្សាហកម្មថ្មីៗ កិច្ចសម្រួលពាណិជ្ជកម្ម និងកែសម្រួលបរិយាកាសធុរកិច្ច និងវិនិយោគជាដើម។

លោកបន្ថែមថា ក្នុងការរៀបចំកម្មវិធីនេះ ក្រុមការងារអគ្គលេខាធិការដ្ឋាន និងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើការសិក្សា និងស្រាវជ្រាវលម្អិត ព្រមទាំងវិភាគពីស្ថានភាព និងទស្សនៈវិស័យសេដ្ឋកិច្ចកម្ពុជា ព្រមទាំងនិន្នាការក្នុងតំបន់ និងសាកល ដើម្បីដោះស្រាយបញ្ហាជូនវិស័យឯកជនឱ្យបានគ្រប់ជ្រុងជ្រោយ។

«កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» មានកម្រាស់ជាង៨០ទំព័រ ដោយមានបេសកកម្ម «អនុវត្តរបៀបវារៈគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ដូច មានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការជំរុញការកសាងកម្ពុជាឱ្យទៅជាតួអង្គដ៏លេចធ្លោមួយក្នុងតំបន់ ដោយមានភាពប្រកួតប្រជែងខ្ពស់, មានមូលដ្ឋានសេដ្ឋកិច្ចចម្រុះ និង រឹងមាំ ដែលគាំទ្រដោយទំនើបកម្ម ទេពកោសល្យជំនាញ និងការប្តេជ្ញាចិត្តចំពោះចីរភាពបរិស្ថាន និងមានភាពស្វាហាប់ និង ភាពធន់ទៅនឹងភាពមិនប្រាកដប្រជាសកល, ទាំងបច្ចុប្បន្ន និង អនាគត, ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព បរិយាបន្ន សុខុមាលភាព និង វិបុលភាព សម្រាប់ប្រជាជនកម្ពុជា»។

កម្មវិធីនេះត្រូវបាន រៀបចំឡើង ដោយមានការគិតគូរគ្រប់ជ្រុងជ្រោយ និង ត្រូវបានបែងចែកជា ៣ ផ្នែក រួមមាន៖ ១) កម្មវិធីគាំទ្រ សេដ្ឋកិច្ចតាមវិស័យសម្រាប់រយៈពេលខ្លីទៅមធ្យម; ២) កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ ស្មុគស្មាញ និង អន្តរវិស័យ; និង ៣) កម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលរបបពាណិជ្ជកម្មអន្តរជាតិ ៕

ព័ត៌មានទាក់ទង