អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ នគរបាលខេត្តស្ទឹងត្រែង៦នាក់ ដែលត្រូវដកហូតតំណែង និងបន្ថយស័ក្ដិ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់
(ភ្នំពេញ)៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់បន្ថែមថា នគរបាលខេត្តស្ទឹងត្រែង ចំនួន៦នាក់ ដែលត្រូវបានដកហូតតំណែង និងបន្ថយឋានន្ដរស័ក្ដិ គឺពាក់ព័ន្ធជាមួយករណីនាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា។
បើតាមលោក ទូច សុឃៈ, ក្រៅពីនគរបាលទាំង៦នាក់ខាងលើ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញជនជាតិឡាវចំនួន៤នាក់ ដែលជាមេក្លោងធំ ក្នុងការនាំមនុស្សចូលប្រទេសកម្ពុជាដោយខុសច្បាប់។ ខណៈក្រសួងមហាផ្ទៃ បានបញ្ជូនអត្តសញ្ញាណជនជាតិឡាវទាំង៤នាក់ ទៅកាន់សមត្ថកិច្ចឡាវដើម្បីបន្ដនីតិវិធីស្រាវជ្រាវចាត់ការតាមច្បាប់របស់ឡាវ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានបន្ដទៀតថា នៅសល់កងកម្លាំងចំនួន២នាក់ទៀត ដែលមិនស្ថិតក្រោមក្របខ័ណ្ឌក្រសួងមហាផ្ទៃ គឺក្រសួងបានសម្រេចបញ្ជូនទៅក្រសួង ស្ថាប័នសាមី អនុវត្តបទវិន័យកងកម្លាំង និងវិធានការច្បាប់។
ជាគោលជំហររបស់រាជរដ្ឋាភិបាល គឺបន្ដអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ដ្រីទាំងឡាយណា ដែលល្មើសវិន័យកងកម្លាំង ល្មើសច្បាប់ យកតួនាទី មុខតំណែងឋានន្ដរស័ក្ដិ ទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់។ នេះបើតាមការសង្កត់ធ្ងន់បន្ថែមរបស់លោក ទូច សុឃៈ។
សូមរំលឹកថា ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប ក្នុងនោះមានម្នាក់ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ផងដែរ ព្រោះប្រព្រឹត្តល្មើសវិន័យនគរបាល។
យោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មចេញចំនួន៣ដាច់ដោយឡែកពីគ្នា បានបង្ហាញថា នគរបាលដែលរងទណ្ឌកម្មនេះ រួមមាន៖
១៖ ឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ០២០៤៦ ត្រូវបានដកហូតមុខតំណែងពីស្នងការរងទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឱ្យមកជាមន្ត្រី។
២៖ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ៥៦៩៤៥ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវបានផ្អាកការងារបណ្តោះអាសន្ន។
៣៖ វរសេនីយ៍ត្រី ទិព្វ និទ្ធី អត្តលេខ៥៦៩៧២ ដកហូតតួនាទីមេបញ្ជាការរងរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៧០១មកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ។
៤៖ អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ដកហូតតួនាទីពីនាយរងផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ ។
៥៖ អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ៧១៦០៩ ដកហូតតួនាទីពីនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន គោកណាអូង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ត្រី ។
៦៖ អនុសេនីយ៍ត្រី ចាន់ សុភ័ក្រ អត្តលេខ ៩៥៧៥៣ ត្រូវបានបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់ព្រិន្ទបាលឯក៕







