នាយរងប៉ុស្តិ៍នគរបាលមួយរូបនៃស្នងការដ្ឋននគរបាលខេត្តបន្ទាយមានជ័យ ដែលទើបត្រូវបានទាហានថៃដោះលែង ទទួលបានការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ ស ថេត
(បន្ទាយមានជ័យ)៖ លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលរងរបួសក្នុងសមរភូមិ និងត្រូវបានទាហានថៃចាប់បាន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានបញ្ជូនមកមាតុភូមិវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ពេលនេះកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន។
នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២លានរៀល និងទឹកត្រចៀកកាំ ជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ចំពោះលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ និងបានលើកទឹកចិត្ត និងជូនពរឆាប់ជា ឱ្យមានសុខភាពល្អមាំទាំឡើងវិញ ក្នុងខណៈនេះថ្នាក់ដឹកនាំតែងតែគិតគូរសុខទុក្ខបងប្អូនជានិច្ច និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ ជាមួយគ្នានោះលោកឧត្ដមសេនីយ៍ត្រីស្នងការរង ក៏បានជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ៕


