លោក ដូណាល់ ត្រាំ ថានឹងជួបលោក ហ្សេលេនស្គី ខណៈកាន់តែខិតជិតដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

(DAVOS ស្វ៊ីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២១ ខែមករា បាននិយាយថារូបលោកនឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងប្រទេសស្វ៊ីស ខណៈរូបលោកមានអារម្មណ៍ថាលោក ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងស្ថិតនៅលើចំណុចមួយដែលអាចនឹងឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានអះអាងថាលោកបានពិភាក្សាជាមួយលោក ពូទីន ហើយជឿថាប្រធានាធិបតីរុស្ស៉ីមានបំណងចង់បានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត៤ឆ្នាំមកនេះ។ តាមលោក ត្រាំ លោក ហ្សេលេនស្គីឥលូវក៏ហាក់ដូចជាបានត្រៀមខ្លួនរាល់ដើម្បីឈានដល់កិច្ចព្រមព្រៀងផងដែរ។ នៅក្នុងកិច្ចពិភាក្សាមួយ នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស៊្វីស លោក ត្រាំបានគូសបញ្ជាក់ថា​ «មេដឹកនាំទាំង២ ពីមុនមកស្ថិតនៅឆ្ងាយពីកិច្ចព្រមព្រៀង តែឥលូវកិច្ចព្រមព្រៀងមួយកាន់តែខិតជិតដល់»

លោក ត្រាំ បាននិយាយដល់ទៅ២ដងថាលោកនឹងជួបលោក ហ្សេលេនស្គី នៅថ្ងៃពុធសប្ដាហ៍នេះ តែក្រោយមកទើបលោកប្រកាសថាជំនួបជាមួយមេដឹកនាំអ៊ុយក្រែន នឹងត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ។ អ៊ុយក្រែននឹងត្រូវប្រារព្ធខួប៤ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅថ្ងៃទី២៤ ខែកុម្ភៈ៕

 

ព័ត៌មានទាក់ទង