ប្រទេសថៃត្រូវរងគ្រោះដោយសារការវាយប្រហារពីព្យុះព្រះអាទិត្យ ដ៏ខ្លាំងក្លា ដែលបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្កាយរណប និង GPS

ប្រទេសថៃត្រូវរងគ្រោះដោយសារការវាយប្រហារពីព្យុះព្រះអាទិត្យឬគេអាចហៅថា «ព្យុះម៉ាញ៉េទិច» ដ៏ខ្លាំងក្លា ដែលបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្កាយរណប និង GPS ក៏ដូចជាធ្វើឲ្យសីតុណ្ហភាពហក់ឡើងខ្ពស់ផងដែរ។

តាមការផ្សាយរបស់ Bangkok Post ដោយដកស្រង់ទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាន និងលំហ (Gistda) កាលពីថ្ងៃពុធទី២១ខែមករាឆ្នាំ២០២៦, តាមពិតទៅព្យុះនេះ វាយប្រ​ហារខ្លាំងលើថៃ តាំងតែពីថ្ងៃចន្ទមកម្ល៉េះ ហើយឥទ្ធិពលរបស់វាក៏បន្តមកដល់ពាក់កណ្តាលសប្តាហ៍នេះ។

ព្យុះនេះបានបញ្ចេញប្លាស្មា និងដែនម៉ាញ៉េទិចពីព្រះអាទិត្យឆ្ពោះមកកាន់ភពផែនដី ហើយការបញ្ចេញម៉ាស់កូរ៉ូណា រួមផ្សំជាមួយនឹងខ្យល់ព្រះអាទិត្យដែលបក់ចេញពីរណ្តៅកូរ៉ូណា បានបណ្តាលឲ្យកើតមាននូវអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ជា «ព្យុះម៉ាញ៉េទិចកម្រិត G4»។

G4 គឺជាព្យុះម៉ាញ៉េទិចកម្រិតធ្ងន់ធ្ងរ ក្នុងចំណោមកម្រិតទាំង ៥ (G1 ដល់ G5)។ វាអាចបង្កឲ្យមានបាតុភូតពន្លឺអូរ៉ូរ៉ា នៅតំបន់ប៉ូល ហើយក្នុងករណីខ្លះអាចប៉ះពាល់ដល់ប្រព័ន្ធបញ្ជូនចរន្តអគ្គិសនី។

នៅថៃ ព្យុះនេះធ្វើឲ្យរំខានដល់ផ្កាយរណប ដែលស្ថិតក្នុងគន្លងទាបនៃភពផែនដី។ ផ្កាយរណបអាចនឹងជួបប្រទះការធ្លាក់ចុះកម្ពស់លឿនជាងធម្មតា ដោយសារការកើនឡើងនៃកម្លាំងទប់ពីបរិយាកាស។

មិនត្រឹមប៉ុណ្ណឹង វានឹងធ្វើឲ្យប្រព័ន្ធ GPS រងផលប៉ះពាល់ជាបណ្ដោះអាសន្ន ដែលជះឥទ្ធិពលដល់ប្រព័ន្ធនាំផ្លូវ។ លើសពីនេះ ទំនាក់ទំនងតាមវិទ្យុហ្វ្រេកង់ខ្ពស់ (HF) ដែលប្រើប្រាស់ក្នុងវិស័យអាកាសចរណ៍ ក៏អាចនឹងជួបប្រទះការដាច់រអាក់រអួលផងដែរ ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសំណាក់អាកាសយានិក និងអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។

ទោះបីជាយ៉ាងណាក៏ដោយ ព្យុះនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែក្រុមការងារតាមដានរបស់ Gistda បញ្ជាក់ថា ពួកគេនឹងបន្តផ្តល់ព័ត៌មានថ្មីៗនៅពេលស្ថានភាពប្រែប្រួល៕

ព័ត៌មានទាក់ទង