រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការសាមគ្គីភាពផ្ទៃក្នុង ជារឿងសំខាន់ទោះក្នុងតម្លៃណាក៏ដោយ សូមរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរដ្ឋាភិបាល ដើរឆ្លងក្នុងដំណាក់កាលដ៏លំបាក
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការសាមគ្គីភាពផ្ទៃក្នុង ជារឿងសំខាន់ទោះក្នុងតម្លៃណាក៏ដោយ សូមរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរដ្ឋាភិបាល ដើរឆ្លងនៅក្នុងកាលៈទេសៈដ៏លំបាក ប្រឆាំងនឹងការឈ្លានពាន ដើម្បីការពារជាតិមាតុភូមិកម្ពុជាឱ្យរឹងមាំ។
ការមានប្រសាសន៍បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងប្រសិទ្ធិភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី» ក្រសួងព័ត៌មាន ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមកុំឱ្យត្អូញត្អែរច្រើន តែត្រូវខិតខំប្រឹងប្រែងធ្វើការ។ ក្នុងកាលៈទេសៈដ៏លំបាកនេះយើងសូមកុំគិតថា តើរាជរដ្ឋាភិបាល បានជួយយើងអីខ្លះ សាមគ្គីភាពផ្ទៃក្នុង គឺជារឿងសំខាន់ទោះក្នុងតម្លៃណាក៏ដោយ សូមឱ្យបងប្អូនរបស់យើងរួមសាមគ្គីគ្នា ជាធ្លុងមួយក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ គឺសម្តេចតេជោ ហ៊ុន សែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត»។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា អ្វីដែលយើងត្រូវខិតខំប្រឹងប្រែង គឺចូលរួមលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងការកសាងប្រទេសកម្ពុជា ឱ្យរឹងមាំ។ ចំពោះស្ថានការណ៍ដែលកម្ពុជា បានជួបប្រទះកន្លងទៅ គឺមានភាពគ្រប់គ្រាន់ដើម្បីឆ្លុះបញ្ចាំងខ្លួនយើងទាំងអស់គ្នាថា «យើងត្រូវតែរឹងមាំ បើយើងទន់ខ្សោយគេប្រមាថ»។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ជាមួយនឹងការប្រមាថពីសំណាក់ប្រទេសថៃ ដោយឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងជាតិសាសន៍របស់យើង វាជាការឈឺចាប់គ្រប់គ្រាន់រួចស្រេចទៅហើយ ដើម្បីប្រែក្លាយជាកម្លាំងរួមគ្នាកសាងប្រទេសរបស់យើងឡើងវិញ ជាមួយនឹងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំប្រទេសជាតិ វីរកងទ័ព និងវីរនគរបាលតស៊ូប្រឆាំងនឹងការឈ្លានពាន។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដូច្នេះ សូមបងប្អូនទាំងអស់ដែលនៅសមរភូមិក្រោយ ត្រូវរួមគ្នាទាំងកម្លាំងចិត្ត ស្មារតី នឹកគិតដល់ការលះបង់ ការពលីជីវិត និងរបួសរបស់វីរកងទ័ព និងវីរនគរបាលជួរមុខ ដើម្បីការពារជាតិ ការពារទឹកដី។ ហើយសូមឱ្យរួមគ្នា ខិតខំប្រឹងប្រែងបំពេញតួនាទី ភាគរកិច្ចរបស់ខ្លួនឱ្យបានល្អដើម្បីសងគុណ និងលើកទឹកចិត្តដល់វីរកងទ័ព និងវីរនគរបាលជួរ ដែលកំពុងឈរជើងការពារទឹកដី ពីការឈ្លានពានពីសំណាក់ប្រទេសជិតខាងមួយនេះ។
គួរឱ្យដឹងថា សម្រែកមហាជនជាតិខ្មែរ បានរួមគ្នាថា ក្នុងនាមជាប្រជាជនខ្មែរគ្រប់រូបបន្តលើកកម្ពស់ ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិយើង។ មានតែកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត រួបរួមគ្នាជាធ្លុងមួយ យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយដែលអ្នក រំលោភបំពានបានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង។
សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោម បាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ «សាមគ្គីរស់ សាមគ្គីឈ្នះ» ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។ ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈ ដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេសក្នុងការផ្តល់ការគាំទ្រពេញទំហឹងទាំង ខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅ យ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានា។ នេះជាស្មារតីសាមគ្គី ឯកភាពជាតិ និងជាខឿនការពារជាតិរបស់ ប្រជាជនដ៏រឹងមាំ។
ប្រជាជនខ្មែរសូមធ្វើការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះវីរយុទ្ធជន យុទ្ធនារីក្លាហានគ្រប់រូបដែលបានបូជាជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ដើម្បីការពារអធិបតេយ្យ បូរណភាពដែនដី និងការពារសន្តិភាពជូនជាតិមាតុភូមិទាំងក្នុងអតីតកាល និងបច្ចុប្បន្ននេះ។ រួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើង៕


