ប្រទេសឥណ្ឌាបានឈប់ទិញប្រេងពីរុស្ស៊ីហើយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដាក់ពន្ធបន្ថែម

ប្រទេសឥណ្ឌាបានឈប់ទិញប្រេងពីរុស្ស៊ីហើយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដាក់ពន្ធ ២៥% លើប្រទេសដែលទិញប្រេងពីទីក្រុងមូស្គូ នេះបើតាមការអះអាងពីលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុសហរដ្ឋអាមេរិក និងចុះផ្សាយដោយ thehindu នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ថ្លែងទៅកាន់ Fox Business លោក Bessent បាននិយាយថា «ប្រទេសឥណ្ឌាបានចាប់ផ្តើមទិញប្រេងរុស្ស៊ី បន្ទាប់ពីជម្លោះអ៊ុយក្រែនបានចាប់ផ្តើម ប៉ុន្តែប្រធានាធិបតីត្រាំបានដាក់ពន្ធ ២៥%បន្ថែមលើពួកគេ ទើបក្រោយមក ឥណ្ឌាបានបន្ថយល្បឿន និងបានឈប់ទិញប្រេងរបស់រុស្ស៊ីតែម្ដង»។

ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌាបានពិពណ៌នាអំពីសកម្មភាពរបស់អាមេរិកថា «មិនយុត្តិធម៌ មិនសមហេតុផល និងមិនទំនងទាល់តែសោះ» ខណៈពេលកន្លងមកពួកគេរក្សាគោលនយោបាយថាមពលរបស់ខ្លួន ដែលបានដឹកនាំដោយផលប្រយោជន៍ជាតិតែប៉ុណ្ណោះ។

លើសពីនេះទៀត ផ្អែកតាមសេចក្តីព្រាងច្បាប់មួយដែលដាក់ចេញដោយសមាជិកព្រឹទ្ធសភា Lindsey Graham បានស្នើពន្ធ ៥០០% លើការទិញបន្ទាប់បន្សំ និងការលក់បន្តប្រេងរបស់រុស្ស៊ី។ សំណើនេះទទួលបានការគាំទ្រស្ទើរតែជាឯកច្ឆន្ទនៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា។

ប្រទេសឥណ្ឌាបានធ្លាក់ចុះមកចំណាត់ថ្នាក់ទីបីក្នុងចំណោមអ្នកទិញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីនៅក្នុងខែធ្នូ បន្ទាប់ពីក្រុមហ៊ុន Reliance Industries និងក្រុមហ៊ុនចម្រាញ់ប្រេងដែលគ្រប់គ្រងដោយរដ្ឋបានកាត់បន្ថយការនាំចូលប្រេងឆៅយ៉ាងខ្លាំង នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA)។

កន្លងមក ឥណ្ឌាក៏ជាប្រទេសនាំចូលប្រេងធំជាងគេទីបីរបស់ពិភពលោក ដោយក្លាយជាអ្នកទិញប្រេងឆៅរបស់រុស្ស៊ីដែលមានការបញ្ចុះតម្លៃធំជាងគេ បន្ទាប់ពីប្រទេសលោកខាងលិចបានគេចវេះទីក្រុងមូស្គូ និងការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

ព័ត៌មានទាក់ទង