ហ្សេលេនស្គី បញ្ជាក់ថា ជំនួបត្រីភាគី អ៊ុយក្រែន-រុស្ស៊ី-អាមេរិក លើកដំបូង ជិតកើតឡើងហើយ

ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បញ្ជាក់ថា កិច្ចប្រជុំត្រីភាគីជាមួយរុស្ស៊ីនិងអាមេរិក ជិតកើតឡើងហើយ។

សារព័ត៌មាន RT បានដកស្រង់សម្តីលោក ហ្សេលេនស្គី ដែលនិយាយថា៖ ««ក្រុមការងារអាមេរិកនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅថ្ងៃនេះ។ ពួកគេរង់ចាំជំនួបរបស់យើងជាមួយប្រធានាធិបតី ត្រាំ ហើយក្រុមការងាររបស់ខ្ញុំក៏នឹងជួបជាមួយក្រុមការងារអាមេរិកដែរ។ ខ្ញុំគិតថា វានឹងក្លាយជាកិច្ចប្រជុំត្រីភាគីលើកដំបូងនៅក្នុងប្រទេសអារ៉ាប់រួម»។

ទោះបែបនេះ ទាំងអាមេរិកនិងរុស្ស៊ី មិនទាន់បញ្ជាក់ពីជំនួបត្រីភាគីនេះទេ ចំណែកម្ចាស់ផ្ទះអារ៉ាប់រួម ក៏មិនទាន់ចេញមុខនិយាយអ្វីដែរ។

យ៉ាងណា ការជ្រើសរើសយកអារ៉ាប់រួម ធ្វើជាទីតាំងសម្រាប់ «កិច្ចប្រជុំត្រីភាគី» បង្ហាញថា ប្រទេសនេះកំពុងដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ដែលភាគីទាំងអស់ អាចទទួលយកបាន។

តាមពិតទៅ ពាក់ព័ន្ធកិច្ចប្រជុំបែបនេះ កាលពីខែសីហាឆ្នាំមុន លោក ត្រាំ ក៏ធ្លាប់លើកឡើងដែរថា ជំនួបរវាងលោក ពូទីន និងមេដឹកនាំអ៊ុយក្រែន នឹងកើតឡើងក្នុងពេលឆាប់ៗ។

ពេលនោះ ទីក្រុងមូស្គូលើកឡើងថា ដ្បិតខ្លួនមិនប្រឆាំងចំពោះជំនួប ពូទីន-ហ្សេឡេនស្គីក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍បែបនេះ គួរតែធ្វើឡើងជាដំណាក់កាលចុងក្រោយនៃការចរចាប៉ុណ្ណោះ ពោលគឺបន្ទាប់ពីមានវឌ្ឍនភាពជាក់ស្តែងណាមួយត្រូវបានសម្រេចនៅក្នុងដំណើរការសន្តិភាព៕

ព័ត៌មានទាក់ទង