ជំងឺសាហាវជាងកូវីដ កំពុងឆ្លងនៅឥណ្ឌា, មនុស្ស១០០នាក់ កំពុងធ្វើចត្តាឡីស័ក

ប្រទេសឥណ្ឌាបានរាយការណ៍ពីការឆ្លងរាលដាលនៃជំងឺកាចសាហាវ Nipah ដោយករណីឆ្លងចំនួន៥ ត្រូវបានរាយការណ៍នៅរដ្ឋ West Bengal ហើយប្រហែល១០០នាក់ទៀត កំពុងធ្វើចត្តាឡីស័ក។

តាមការផ្សាយរបស់ Economic Times កាលពីថ្ងៃសុក្រទី២៣ខែមករាឆ្នាំ២០២៦ ក្នុងចំណោមអ្នកឆ្លងទាំង៥នាក់ គឺមានទាំងគ្រូពេទ្យនិងគិលានុបដ្ឋាយិកា ហើយមានខ្លះកំពុងឈឺធ្ងន់។

ស្របពេលជាមួយគ្នានោះ សារព័ត៌មាន Independent ផ្សាយថា ជំងឺនេះកាចសាហាវជាងកូវីដ-១៩ទៅទៀត ដោយអត្រាស្លាប់របស់វា មានរហូតដល់ទៅ៧៥% ហើយករណីខ្លះឈានដល់៩០%ឯណោះ។

មន្ត្រីក្រុង Kolkata បញ្ជាក់ថា ជំងឺនេះឆ្លងរាលដាលខ្លាំងណាស់ ពួកគេកំពុងតាមដានមនុស្សជាង៣០នាក់ទៀតដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ ខណៈ១០០នាក់ បានដាក់ឲ្យធ្វើចត្តាឡីស័ករួចទៅហើយ។

ទន្ទឹមនោះ អាជ្ញាធរ West Bengal កំពុងស្វះស្វែងចាត់គ្រប់វិធានការដើម្បីទប់ស្កាត់និងធានាថា មេរោគនេះមិនរីករាលដាលខ្លាំងក្លាឡើយ៕

ប្រភព៖ Economic Times & Independent

ព័ត៌មានទាក់ទង