ក្រសួងការងារ នឹងផាកពិន័យចំពោះរោងចក្រ សហគ្រាស ណាដែលទាមទារយកអត្តសញ្ញាណប័ណ្ណពីអតីតពលករមកពីថៃក្នុងការដាក់ពាក្យចូលធ្វើការ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមានផាកពិន័យចំពោះម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ទាំងឡាយណាដែលទាមទារ និងតម្រូវឱ្យអតីតពលករខ្មែរដែលត្រឡប់មកពីថៃ ត្រូវតែផ្តល់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ។

ក្រសួងការងារ ចាត់ទុកការទាមទារនេះ គឺជាការអនុវត្តផ្ទុយនឹងខ្លឹមសារនៃសេចក្តីជូនដំណឹងលេខ ០២៦/២៥ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយត្រូវចាត់ទុកជាការបំពានលើចំណាត់ការរបស់អធិការការងារដោយប្រឈមនឹងការផាកពិន័យជាប្រាក់ស្របតាមច្បាប់ស្តីពីការងារ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ កាលពីថ្ងៃទី២៥​ ខែមករា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ បញ្ជាក់ថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចប្រើប្រាស់សំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិតធ្វើដំណើរ TD) ឬ ប័ណ្ណព្រំដែនកម្ពុជា-ថៃ ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការស្នើសុំធ្វើ សៀវភៅការងារកម្មករនិយោជិតខ្មែរ និងការចុះបញ្ជី ប.ស.ស. សម្រាប់ពលករខ្មែរដែលត្រឡប់មកពីថៃ។

ក្នុងសេចក្ដីជូនដំណឹងដដែល ក្រសួងការងារ ក៏បានអំពាវនាវឲ្យសាធារណជនប្តឹងមកអធិការការងារតាមរយៈប្រព័ន្ធទាន់ហេតុការណ៍ ក្នុងករណីបានដឹងអំពីការដាក់លក្ខខណ្ឌតម្រូវឱ្យយកតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុង ការដាក់ពាក្យធ្វើការចំពោះអតីតពលករខ្មែរដែលត្រឡប់មកពីថៃ តាមរយៈលេខ ១២៨៦ ឬ ១២៩៧” ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង https://feedback.mlvt.gov.kh/feedback ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់អនុវត្តបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានទាក់ទង