CMAC អំពាវនាវដល់​​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានអំពាវនាវដល់​​ប​្រជាពលរដ្ឋតាមខេត្តជាប់ព្រំដែនថៃ ប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា ក្រោយគ្រាប់បែកប្រភេទនេះភាគច្រើនរកឃើញ នៅលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

បង្ហោះគ្រាប់បែករូបភាពកូនគ្រាប់បែកចង្កោម M46 អង្គភាព CMAC បានអំពាវនាវដូច្នេះថា៖ «នេះគឺជារូបរាងរបស់កូនគ្រាប់បែកចង្កោម M46 ដែលយោធាថៃបានប្រើប្រាស់មកលើប្រទេសកម្ពុជា ហើយភាគច្រើនត្រូវបានរកឃើញនៅលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងប្រាប់បងប្អូនកូនក្មួយដែលរស់នៅតំបន់ប្រឈមឱ្យកុំប៉ះពាល់ និងរាយការណ៍មកអង្គភាពស៊ីម៉ាក់»

សូមជម្រាបថា ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលត្រូវបានអន្តរជាតិហាមឃាត់។ ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោម បានចូលជាធរមាន​នៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួម​ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕

ព័ត៌មានទាក់ទង