សម្ដេចបណ្ឌិតយ៉ន សេងយៀត និមន្តទទួលស្វាគមន៍លោក Michael ដែលធ្វើដំណើរមកកម្ពុជាជាលើកទី៣

ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ នេះ បាននិមន្តទទួលស្វាគមន៍លោក Michael B Alfaro ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកទី ៣ ដើម្បីលើកកម្ពស់ និងចូលរួមផ្សព្វផ្សាយពីសន្តិភាពនៅកម្ពុជា ពាណិជ្ជកម្ម បរិស្ថាន ទេសចរណ៍ និងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ក្នុងពេលវេលានៃជំនួបស្វាគមន៍នោះ សម្តេចបណ្ឌិត យ៉ន សេងយៀត បានមានសង្ឃដីកាស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណចំពោះលោក Michael B Alfaro ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាពនៅកម្ពុជាក្នុងគ្រាដែលមានជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈការផ្សព្វផ្សាយព័ត៌មាន និងធ្វើសកម្មភាពផ្សេងៗ។

សម្តេចបណ្ឌិត បានចែករំលែកនូវទស្សនទាន និងសកម្មភាពរបស់ព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរ និងសកម្មភាពរបស់សម្តេចផ្ទាល់ ក្នុងការចូលរួមចំណែកផ្សព្វផ្សាយឱ្យមានសន្តិភាពនៅកម្ពុជា និងចែករំលែកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗតាមលទ្ធភាព ជូនដល់ជនភៀសសឹក ជាច្រើនរយគ្រួសារ ដែលរងផលប៉ះពាល់ពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ។

នៅចំពោះមុខ លោក Michael B Alfaro សម្តេចបណ្ឌិត ក៏បានមានសង្ឃដីកាអាណិតអាសូរជាពន់ពេកចំពោះជនភៀសសឹកកម្ពុជាដែលបានរស់នៅក្រោមតង់នៅតាមមណ្ឌលសុវត្ថិភាព ឃ្លាតឆ្ងាយពីផ្ទះសម្បែង បាត់បង់ប្រាក់ចំណូល និង ផ្ទះសម្បែងរបស់ពួកគេត្រូវបានហំព័ទ្ធយក និងវាយកម្ទេចដោយយោធាថៃ។

ជាការឆ្លើយតបលោក Michael B Alfaro បានសម្តែងនូវភាពសោកសៅចំពោះការលំបាករបស់ជនភៀសសឹកកម្ពុជា ដែលបង្កឡើងដោយការឈ្លានពានរបស់យោធាថៃមកលើកអធិបតេយ្យភាពកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីគោលបំណងសំខាន់នៃការធ្វើដំណើររបស់លោកមកប្រទេសកម្ពុជាលើកទី៣ នេះ ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់សន្តិភាពនៅកម្ពុជា។ លើសពីនេះទៀត លោកមានបំណងក្នុងការជំរុញផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យបានទូលំទូលាយផងដែរ ដើម្បីបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ច ពលរដ្ឋកម្ពុជា៕

ព័ត៌មានទាក់ទង