មន្ត្រីអាមេរិក៖ សហរដ្ឋអាមេរិកបើកចំហទ្វារចរចា ប្រសិនបើអ៉ីរ៉ង់ចង់ទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ជុំវិញការបង្រ្កាបលើក្រុមបាតុករ
វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីអាមេរិកម្នាក់កាលពីថ្ងៃចន្ទ ទី២៦ ខែមករា បាននិយាយថាសហរដ្ឋអាមេរិកបើកចំហទ្វារចរចា ប្រសិនបើអ៉ីរ៉ង់ចង់ទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ជុំវិញការបង្រ្កាបលើក្រុមបាតុករ។
នៅពេលត្រូវបានសាកសួរអំពីលក្ខខណ្ឌនៃកិច្ចចរចាជាមួយអ៉ីរ៉ង់ មន្ត្រីអាមេរិកខាងលើបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំគិតថាពួកគេ (អ៉ីរ៉ង់) ដឹងពីលក្ខខណ្ឌ)។ ពួកគេដឹងយ៉ាងច្បាស់ពីលក្ខខណ្ឌ»។
លោក ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍ ប្រសិនបើអ៉ីរ៉ង់នៅតែបន្តសម្លាប់បាតុករ តែឥលូវស្ថានការណ៍បាតុកម្មនៅទូទាំងប្រទេសអ៉ីរ៉ង់មានការថមថយ។ លោក ត្រាំក៏បានអះអាងដែរថាការប្រហារជីវិតក្រុមបាតុករ ត្រូវបានបញ្ឈប់។
យ៉ាងណាក៏ដោយ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿងអមដំណើរដោយនាវាពិឃាដជាច្រើនគ្រឿងបានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ដែលនេះនឹងជួយពង្រីកសមត្ថភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីការពារកងកម្លាំងអាមេរិក ឬក៏ចាត់វិធានយោធាណាមួយប្រឆាំងនឹងអ៉ីរ៉ង់។
មន្ត្រីអាមេរិក២នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters កាលពីថ្ងៃចន្ទ ទី២៦ ខែមករាថា នាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln និងនាវាពិឃាដប្រដាប់ដោយមីស៊ីលជាច្រើន គ្រឿងបានធ្វើដំណើរឆ្លងចូលទៅក្នុងតំបន់មជ្ឈិមបូព៌ា៕

