«ព្យុះបិសាច» ខែរងា វាយប្រហារអាមេរិក ប៉ះពាល់ប្រជាជន១៨០លាននាក់, រដ្ឋជាច្រើនប្រកាសអាសន្ន

តំបន់ភាគច្រើននៃសហរដ្ឋអាមេរិក កំពុងរងការវាយប្រហារដោយព្យុះរដូវរងា ខណៈគេហៅថា វាជា «ព្យុះបិសាច» ដោយសារតែឥទ្ធិពលដ៏ខ្លាំង ប៉ះពាល់ប្រជាជនប្រហែល១៨០លាននាក់, សីតុណ្ហភាពនៅកន្លែងខ្លះធ្លាក់ចុះដល់ -0 អង្សាសេ ឈានដល់ប្រកាសអាសន្ននៅរដ្ឋមួយចំនួន។

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទទី២៦ខែមករាឆ្នាំ២០២៦ ព្យុះដ៏សាហាវនេះវាយប្រហារចាប់ពីរដ្ឋ Texas ដល់ New England បណ្តាលឲ្យមានទឹកកកនិងព្រឹលធ្លាក់ខ្លាំង ព្រមទាំងធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះ ត្រជាក់ដល់ឆ្អឹង សម្លាប់មនុស្ស២នាក់ហើយនៅរដ្ឋ Louisiana និងម្នាក់ទៀតនៅ Texas។

ឥទ្ធិពលរបស់វា បណ្តាលឲ្យជាង១លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់, ជើងហោះហើរជាង ១០ ០០០ជើងត្រូវលុបចោល ហើយក្នុងឧបទ្ទវហេតុអាក្រក់បំផុតគឺរថយន្តជាង ២០០គ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ បុកតកន្ទុយគ្នានៅរដ្ឋ Virginia ព្រោះតែស្ថានភាពផ្លូវរអិល។

អ្នកជំនាញផ្នែកឧតុនិយមក៏ព្រមានដែរថា គ្រោះថ្នាក់ធំបំផុតមួយនៃព្យុះនេះគឺ «ទឹកកក» ដែលវាមានសមត្ថភាពអាចបោកផ្តួលរំលំដើមឈើ, បាក់បង្គោលខ្សែភ្លើង និងធ្វើឲ្យផ្លូវថ្នល់លែងមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។
ទន្ទឹមនោះ រដ្ឋជិតពាក់កណ្តាលប្រទេស ត្រូវប្រកាសអាសន្ន ហើយសាលារៀនជាច្រើនបានសម្រេចលុបចោលការសិក្សាសិន ខណៈព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏បានលុបចោលការបោះឆ្នោតដែលគ្រោងធ្វើនៅល្ងាចថ្ងៃចន្ទផងដែរ។

ក្នុងការប្រកាសភាពអាសន្ននៅរដ្ឋធានី, អភិបាលក្រុងវ៉ាស៊ីនតោន លោកស្រី Muriel Bowser និយា យថា៖ «យើងកំពុងជួបប្រទះនូវព្យុះព្រឹលដ៏ធំបំផុតក្នុងរយៈពេលមួយទសវត្សរ៍ នាចុងសប្តាហ៍នេះ»។
ទោះបីជាយ៉ាងណាក៏ដោយ ព្យុះនេះនឹងមិនធូរស្រាលឆាប់ៗទេ ដោយភ្នាក់ងារអាកាសធាតុជាតិអាមេរិក ព្រមានថា វានឹងបន្តវាយប្រហារក្នុងរយៈពេលច្រើនថ្ងៃខាងមុខទៀត៕

ព័ត៌មានទាក់ទង