ទ្រនិចនាឡិកា «នាឡិកាថ្ងៃអវសានពិភពលោក» បានរំកិលមួយទ្រនិចទៀត កាន់តែខិតទៅជិតម៉ោងពាក់កណ្តាលអធ្រាត្រដែល ភពផែនដីជិតដល់ថ្ងៃវិនាសហើយ

ជារឿងដ៏គួរឲ្យព្រួយបារម្ភដែលនាឡិកា Doomsday ឬ «នាឡិកាថ្ងៃអវសានពិភពលោក» បានរំកិលមួយទ្រនិចទៀត កាន់តែខិតទៅជិតម៉ោងពាក់កណ្តាលអធ្រាត្រដែលនេះសបញ្ជាក់ថា ភពផែនដីជិតដល់ថ្ងៃវិនាសហើយ។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ Bulletin of the Atomic Scientists, កាលពីថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ទ្រនិចនាឡិកា Doomsday Clock បានរំកិលទៅមុខចំនួន ៥ វិនាទី បន្ថែមទៀត ដែលធ្វើឲ្យវានៅសល់ត្រឹមតែ៨៥ វិនាទីប៉ុណ្ណោះនឹងដល់ពាក់កណ្តាលអធ្រាត្រ ដែលជាសញ្ញានៃមហន្តរាយពិភពលោក ហើយនេះគឺជាកម្រិតដ៏គ្រោះថ្នាក់បំផុតមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ហេតុផលធំៗដែលទ្រនិចនាឡិកានេះ រំកិលកាន់តែជិតដល់ថ្ងៃពិភពលោកវិនាសគឺដោយសារ៖ សង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន, ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់, ជំងឺនីប៉ាហ៍, ការផុតកំណត់នៃសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ (New START) រវាងរុស្ស៊ីនិងអាមេរិក, គម្រោងប្រព័ន្ធការពារមីស៊ីល «Golden Dome» របស់លោក ដូណាល់ ត្រាំ ដែលអ្នកវិទ្យាសាស្ត្របារម្ភថា នឹងជំរុញឲ្យមានការប្រកួតប្រជែងសព្វាវុធនៅលើលំហអាកាស, ការឆ្លើយតបចំពោះភាពអាសន្ននៃអាកាសធាតុ, ការព្រួយបារម្ភអំពីកោសិកាសិប្បនិម្មិតដែលផលិតដោយគីមី ហៅថា «Mirror Life» ដែលអាចគ្រប់គ្រងមិនបាន និងបំផ្លាញជីវិតនៅលើផែនដី និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតបាក់តេរីនិងវីរុសថ្មីៗ។

សូមជម្រាបថា Doomsday Clock ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៧ ដោយ J Robert Oppenheimer ចំណែកការបង្កើតក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្រ Bulletin of the Atomic Scientists គឺដើម្បីតាមដាននិងវាយតម្លៃអំពីពេលវេលានៃទីអវសាន្តពិភពលោក ហើយអ្នកវិទ្យាសាស្រ្ត បានកំណត់ទ្រនិចនាឡិកានេះជារៀងរាល់ឆ្នាំ។

មុននោះពីរឆ្នាំ, ពោលគឺចុងបញ្ចប់សង្គ្រាមលោកលើកទី២ ពួកគេបានមើលឃើញ ផលលំបាកពីការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងជប៉ុន Hiroshima និង Nagasaki ទើបពួកគេចង់ដាស់តឿនដល់សាធារណជន ព្រមទាំងដាក់សម្ពាធលើមេដឹកនាំពិភពលោកឲ្យប្រាកដថា អាវុធនុយក្លេអ៊ែរនិងមិនត្រូវបានប្រើប្រាស់ម្តងទៀតទេ។

ក្នុងឆ្នាំ១៩៥៣ ទ្រនិចនាឡិកានេះ ក៏បានរំកិលជិតដល់ពេលពាក់កណ្តាលអាធ្រាត្រដែរ ពោលគឺនៅខ្វះតែ២នាទីប៉ុណ្ណោះ ដោយកាលនោះ គឺពាក់ព័ន្ធនឹងការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន របស់អាមេរិក ប៉ុន្តែមកដល់ឆ្នាំ១៩៩១ ទ្រនិចនាឡិកា ត្រូវបានគេរំកិលមកក្រោយវិញ (ខ្វះ១៧នាទីទើបដល់ពាក់កណ្តាលអាធ្រាត្រ) ដោយសារស្ថានការណ៍ពិភពលោក ហាក់ធូរស្រាលក្រោយបញ្ចប់សង្គ្រាមត្រជាក់។

ជារៀងរាល់ឆ្នាំ នៅអំឡុង សប្តាហ៍ទី៣ ឬទី៤ នៃខែមករា ក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើសន្និសីទកាសែតមួយដើម្បីប្រកាសថា តើទ្រនិចនាឡិកានឹងត្រូវរំកិលទៅមុខ ថយក្រោយ ឬនៅដដែល៕

ព័ត៌មានទាក់ទង