ត្រាំ ព្រមានថា អ៊ីរ៉ង់ ជិតអស់ពេលហើយ!

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានខ្លាំងៗថា ប្រទេសអ៊ីរ៉ង់ ជិតអស់ពេលហើយក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា ក្រុមនាវាចម្បាំងអាមេរិកដែលលោកបានបញ្ជាឲ្យទៅកាន់តំបន់មជ្ឈិមបូព៌ា ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln គឺត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈនិងអាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ទាំងល្បឿននិងកម្លាំង ប្រសិនបើចាំបាច់។

លោក ត្រាំ សរសេរបន្តថា៖ «សង្ឃឹមថា អ៊ីរ៉ង់នឹងប្រញាប់មកកាន់តុចរចា ហើយនិយាយគ្នាលើកិច្ចព្រមព្រៀងមួយដែលត្រឹមត្រូវនិងយុត្តិធម៌ គឺមិនមានអាវុធនុយក្លេអ៊ែរ ដែលជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់គ្រប់ភាគី»។

ដោយសំដៅទៅការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំមុន, ប្រធានាធិបតីអាមេរិកគំរាមថា៖ «ការវាយប្រហារលើកក្រោយនឹងកាន់តែធ្ងន់ជាងនេះទៅទៀត! កុំបណ្តោយឲ្យរឿងនោះកើតឡើងជាថ្មីឲ្យសោះ»៕

ប្រភព៖ BBC

ព័ត៌មានទាក់ទង