អាជ្ញាធរខេត្តព្រះសីហនុ វាយកម្ទេចផែថ្មរឹងមាំដែលសាងសង់រំលោភលើដីឆ្នេរព្រែកត្រែង ក្រោយផុតកំណត់សេចក្តីជូនដំណឹងនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ
(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ វាយកម្ទេចផែថ្មរឹងមាំ ដែលសាងសង់រំលោភលើដីឆ្នេរព្រែកត្រែង ដែលស្ថិតនៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
សកម្មភាពចុះអនុវត្តច្បាប់នេះដឹកនាំដោយលោក ធឿន សុធិន អភិបាលរងស្រុកស្ទឹងហាវ និងលោក ពេជ្រ ខៅដាង នាយករងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ដោយចុះអនុវត្តលិខិតជូនដំណឹង (ស.ជ.ណ) ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ដល់ម្ចាស់ទីតាំងលោក គួច វិន័យ និងលោកស្រី អ៊ុច ស្រីរ័ត្ន ជាម្ចាស់ភោជ្ជនីយដ្ឋានយីហោ (BEACE House) ដែលកន្លងមកម្ចាស់ភោជនីយដ្ឋានខាងលើបានលបលួចសាងសង់ផែថ្មរឹងមាំ មានបណ្តោយប្រវែង១៨ម៉ែត្រ និងទទឹង៦ម៉ែត្រ មិនមានច្បាប់អនុញ្ញាតរំលោភយកដីចំណីឆ្នេរដើម្បីធ្វើអាជីវកម្មជាកម្មសិទ្ធឯកជន។
យ៉ាងណាមិញម្ចាស់ទីតាំងយល់ព្រម និងសហការដោយមិនប្រកែកដោយសំណង់មួយកន្លែងនេះពិតជាបានរំលោភចូលដីឆ្នេរជាទ្រព្យសម្បតិ្តពិតប្រកដមែន។ជាមួយគ្នានេះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងនៅតំបន់នោះក៏បានសាទរពីសកម្មភាពវាយកម្ទេចសំណង់រឹងមាំខាងលើរបស់អាជ្ញាធរផងដែរ៕


