(មូស្គូ)៖ ប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាគ្នា ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈដែលវិមានក្រឹមឡាំង កំពុងស្វែងរកការធានា ចំពោះអនាគតនៃមូលដ្ឋានយោធាសំខាន់ៗ ដែលបម្រើដល់ប្រតិបត្តិការរបស់ខ្លួននៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ ២០២៦។
តាមជំនួបផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក ពូទីន បាននិយាយទៅកាន់ លោក Sharaa ថា «មានរឿងច្រើនដែលសម្រេចបាន ទាក់ទងនឹងការស្តារទំនាក់ទំនងអន្តររដ្ឋរបស់យើងឡើងវិញ»។ ដោយទំនងជាសំដៅទៅលើការវាយប្រហារថ្មីៗ ប្រឆាំងនឹងកងកម្លាំងឃឺដនៅភាគឦសានស៉ីរី លោក ពូទីន បន្តថា «យើងបានតាមដានយ៉ាងដិតដល់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នក (លោក Sharaa) ជុំវិញការស្តារបូរណភាពទឹកដីស៉ីរី ហើយខ្ញុំចង់អបអរសាទរ ចំពោះសន្ទុះនៃដំណើរការនោះ»។
ដោយឡែក លោក Sharaa បាននិយាយថារុស្ស៉ីមាន «តួនាទីជាប្រវត្តិសាស្ត្រមិនត្រឹមតែនៅក្នុងឯកភាព និងស្ថិរភាពរបស់ស៉ីរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ទាំងមូលផងដែរ»។ ប៉ុន្តែគ្មានការជជែកពីវត្តមានយោធារុស្ស៉ី នៅលើទឹកដីស៉ីរីទេ បើទោះបីជាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថាបញ្ហានេះនឹងលេចឡើងក្នុងការពិភាក្សារវាងលោក ពូទីន និងលោក Sharaa ក៏ដោយ។
គួរបញ្ជាក់ថា រុស្ស៉ីជាសម្ព័ន្ធមិត្តដ៏សំខាន់នៃអតីតមេដឹកនាំស៉ីរី លោក Bashar al-Assad អំឡុងសង្គ្រាមស៉ីវិល ១៤ឆ្នាំ។ ការដូលរំលំនៃរបបលោក Assad ក្រោមថ្វីដៃកងកម្លាំងឧទ្ទាមរបស់លោក Sharaa មេដឹកនាំស៉ីរីបច្ចុប្បន្ន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ឥទ្ធិពលរបស់រុស្ស៉ីនៅក្នុងតំបន់ ជាមួយនិងមន្ទិលសង្ស័យ ជុំវការបន្តវត្តមានយោធារុស្ស៉ីនៅក្នុងប្រទេសស៉ីរី៕


