រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍ ៧ចំណុចដល់​សភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់អនុសាសន៍៧ចំណុចដល់​សភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជាបន្ថែមទៀត​ និងលើកទឹកទឹកឱ្យ ពង្រីកការវិនិយោគ បង្កើនការទាក់ទាញវិនិយោគិនបរទេស បង្កើនការផលិត និងជំរុញការនាំចេញបន្ថែម។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ «មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦» លោកស្រី ចម និម្មល បានលើកឡើងនូវទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ និងដំណើរឆ្ពោះទៅអនាគតរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការដាក់ចេញនូវចក្ខុវិស័យជាយុទ្ធសាស្រ្តឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ «ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» ដោយផ្តោតសំខាន់លើការងារស្នូលដែលមានភាពប្រទាក់ក្រទ្បាគ្នាចំនួន ៣ គឺ៖ ការធ្វើបរិវត្តកម្មស្ថាប័ន និងប្រព័ន្ធ ការងារពាណិជ្ជកម្មក្នុងប្រទេស និង ការងារពាណិជ្ជកម្មអន្តរជាតិ។

ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជាបន្ថែមទៀត លោកស្រីរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាវិភាគទានបន្ថែមដល់ការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា ដែលមានដូចតទៅ៖

ទី១- សភាពាណិជ្ជកម្មកម្ពុជា ត្រូវបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន និងបន្តពង្រឹងកិច្ចសហការទំនាក់ទំនងការងារជាមួយក្រសួង-ស្ថប័នពាក់ព័ន្ធ។

ទី២- សភាពាណិ​ជ្ជកម្មកម្ពុជា ត្រូវពង្រឹងអភិបាលកិច្ច និងលើកម្ពស់ការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានក្នុងវិស័យពាណិជ្ជកម្ម សំដៅធានាបាននូវសុចរិតភាពនិងអនុលោមភាពនៃការធ្វើធុរកិច្ច និងបរិយាកាសធុរកិច្ច ប្រកបដោយការប្រកួតប្រជែង តម្លាភាព ស្មើភាព និងយុត្តិធម៌ នៅលើទីផ្សារ។

ទី៣- លើកទឹកចិត្ត ដល់ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក បន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាព និងផលិតភាព ដើម្បីអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីភាពអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគីនានា ដែលកម្ពុជាជាសមាជិក និងដើម្បីត្រៀមខ្លួនសម្រាប់ដំណើរចាកចេញដោយរលូនពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានាឆ្នាំ២០២៩ ខាងមុខនេះ។

ទី៤- លើកទឹកចិត្ត ដល់ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក ដែលមានផលិតផល និងសេវាកម្មដូចគ្នា ពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធ ឬសមាគម ដើម្បីបង្កើនបរិមាណផលិត ក៏ដូចជា ជំរុញការផ្គត់ផ្គង់និងបំពេញបន្ថែមឱ្យគ្នា សំដៅធានាបានការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រតិគមន៍។

​ទី៥- លើកទឹកចិត្ត ដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស ខិតខំទាក់ទាញដៃគូពាណិជ្ជកម្មក្រៅប្រទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យផលិតនិងកែច្នៃកសិ-ឧស្សាហកម្ម និងផលិតផលប្រើប្រាស់ចាំបាច់ផ្សេងៗ សំដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង។

ទី៦- អំពាវនាវនិងលើកទឹកចិត្ត ដល់វិនិយោគិន ឬសហគ្រាសធំៗក្នុងស្រុក តាមរយៈសភាពាណិជ្ជកម្មរាជធានី-ខេត្ត ឱ្យបន្តចូលរួមរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងចលនាទីផ្សារនៅតាមខេត្ត Cសម្រាប់អាជីវករ សហគ្រិន និងកសិករខ្នាតតូច នៅតាមមូលដ្ឋាន និងស្រូបទិញកសិផល ជាពិសេស សភាពាណិជ្ជកម្មរាជធានី-ខេត្ត ត្រូវចូលរួមអភិវឌ្ឍសក្តានុពលនិងឧត្តមភាពក្នុងមណ្ឌលរាជធានី-ខេត្តនីមួយៗ។

ទី៧- អំពាវនាវនិងលើកទឹកចិត្ត ដល់វិស័យឯកជន បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់ និងដាក់លក់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈ ការបង្កលក្ខណៈអំណាយផលដល់ការដាក់តាំងនិងលក់ផលិតផលខ្មែរ ក៏ដូចជា ការចូលរួមនិងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាទាំងក្នុងនិងក្រៅប្រទេស៕

ព័ត៌មានទាក់ទង