ផ្ទុះគ្រាប់បែកចង្កោម សំណល់ពីសង្គ្រាមថៃឈ្លានពាន បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ៣នាក់ រងរបួសនៅខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុន SN តបណ្តាញអគ្គីសនី និងបានដើរជាន់គ្រាប់បែកចង្កោម ជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ពីសង្គ្រាមសៀមឈ្លានពាន បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុន SN ចំនួន០៣នាក់ រងរបួសធ្ងន់ និងស្រាល។
ឆ្លៀតឱកាសនេះ លោក ហេង រតនា សូមអំពាវនាវជាថ្មីទៀត ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជន និងអង្គភាពរដ្ឋទាំងអស់ ដែលធ្វើសកម្មភាពនៅតំបន់ ដែលរងផលប៉ះពាល់ ដោយសារសង្គ្រាមសៀមឈ្លានពាន សូមមេត្តាធ្វើការសម្របសម្រួលជិតសិ្នទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដែលកំពុងបំពេញភារកិច្ច នៅតំបន់នោះផ្ទាល់ ដើម្បីបង្ការគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម៕


