ធ្លាក់យន្តហោះនៅកូឡុំប៊ី ស្លាប់១៥នាក់ រួមទាំងសមាជិកសភាដ៏ល្បីម្នាក់

យន្តហោះតូចមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Satena បានធ្លាក់នៅក្នុងតំបន់ជនបទភាគឦសាននៃប្រទេសកូឡុំប៊ី កាលពីថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦ ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន១៥នាក់ដែលនៅលើនោះ។

យោងតាមសារព័ត៌មាន CBS ជើងហោះហើរនេះបានចាកចេញពីទីក្រុង Cúcuta នៅម៉ោង១១:៤២ព្រឹក (ម៉ោងក្នុងស្រុក) ក្នុងគោលដៅឆ្ពោះទៅកាន់សាលាក្រុង Ocaña ដែលស្ថិតក្នុងតំបន់ភ្នំ ប៉ុន្តែបានបាត់ការទាក់ទងជាមួយផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ភ្លាមៗបន្ទាប់ពីហោះឡើង។ អាជ្ញាធរមូលដ្ឋានក្នុងសហគមន៍ Curasica បានរកឃើញកម្ទេចកម្ទីយន្តហោះក្នុងខេត្ត Norte de Santander ហើយក្រសួងដឹកជញ្ជូនបានបញ្ជាក់នៅពេលក្រោយថា គ្មានអ្នករស់រានមានជីវិតឡើយ ក្នុងចំណោមអ្នកបើកយន្តហោះ២នាក់ និងអ្នកដំណើរ១៣នាក់។

ក្នុងចំណោមជនរងគ្រោះ រួមមានលោក Diógenes Quintero ដែលជាសមាជិកសភាដ៏លេចធ្លោ និងជាអ្នកការពារសិទ្ធិមនុស្ស។ លោក Quintero ដែលមានវិជ្ជាជីវៈជាមេធាវី ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈការតស៊ូមតិរបស់លោកនៅក្នុងតំបន់ព្រំដែនជាប់ប្រទេសវ៉េណេស៊ុយអេឡា។ ក្រៅពីនេះ ក៏មានសមាជិកក្រុមការងាររបស់លោក Quintero និងលោក Carlos Salcedo ដែលជាបេក្ខជនសម្រាប់ការបោះឆ្នោតសភាដែលនឹងឈានមកដល់ក្នុងខែមីនាខាងមុខ ក៏បានបាត់បង់ជីវិតផងដែរ។

ប្រធានាធិបតី លោក Gustavo Petro និងអនុប្រធានាធិបតី លោកស្រី Francia Márquez សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ខណៈដែលអាជ្ញាធរកំពុងចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការលើមូលហេតុនៃគ្រោះថ្នាក់នេះ៕

ព័ត៌មានទាក់ទង