កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំង Online Scams នៅក្នុងក្រុងបាវិត ឃាត់ខ្លួនមនុស្សជាង ២០០០នាក់

ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយគណៈបញ្ជាការខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Online Scams ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆេង (A7) មានទីតាំងស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ទទួលដឹកនាំអនុវត្តដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ ២.០៤៤នាក់ ក្នុងនោះ ជនជាតិចិន ១.៧៩២នាក់, វៀតណាម ១៧៧នាក់, មីយ៉ាន់ម៉ា ១៧៩នាក់, នេប៉ាល់ ៣០នាក់, ចិនតៃវ៉ាន់ ៥នាក់, ម៉ាឡេស៊ី ១នាក់, ឡាវ ២នាក់, ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក ១នាក់៕

ព័ត៌មានទាក់ទង