កម្ពុជា-ប្រេស៊ីល បេ្ដជ្ញារឹតចំណងមិត្តភាពកាន់តែស៊ីជម្រៅលើគ្រប់វិស័យ

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយភាគីទាំងពីរបានបេ្ដជ្ញារឹតចំណងមិត្តភាពកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ចំពោះការតែងតាំងលោកស្រី ជាឯកអគ្គរដ្ឋទូតដំបូងរបស់ប្រទេសប្រេស៊ីលប្រចាំកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងភ្នំពេញ។

លោក ប្រាក់ សុខុន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត ចំពោះសន្ទុះរីកចម្រើនយ៉ាងស្វាហាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការបើកស្ថានទូតថ្មីដែលមាននិវេសនដ្ឋាននៅក្នុងរាជ/រដ្ឋធានីនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏រំពឹងផងដែរអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ លើកទីពីរ ដែលនឹងប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ដោយនឹងរិះរកមើលវិស័យនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោកស្រី Vivian Loss Sanmartin ស្វាគមន៍ចំពោះដំណើរវិវត្តដ៏វិជ្ជមាននៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រេស៊ីលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតនៅក្នុងវិស័យដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ រួមមានវិស័យពាណិជ្ជកម្ម និង វិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវចំណងមិត្តភាពកម្ពុជា-ប្រេស៊ីលបន្ថែមទៀត ហើយក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងរួមគ្នាលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាថ្មីម្ដងទៀត លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងលើកទឹកចិត្តរបស់ប្រទេសប្រេស៊ីល លើដំណើរការនៃបទឈប់បាញ់ និងសន្តិភាព៕

ព័ត៌មានទាក់ទង