អាមេរិក នឹងបង្កើតឃ្លាំងស្តុករ៉ែសំខាន់ៗ ដោយចាយលុយ ១២ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក គ្រោងដំណើរការឃ្លាំងស្តុករ៉ែសំខាន់ៗមួយ ជាមួយនិងប្រាក់តម្កល់ដំបូង ១២ពាន់លានដុល្លារ ខណៈដែលទីក្រុងវ៉ាស៉ីនតោន កំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើចិន សម្រាប់រ៉ែកម្រ និងធនធានធម្មជាតិផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

គម្រោងដែលរាយការណ៍មុនគេដោយសារព័ត៌មាន Bloomberg ត្រូវបានគេរំពឹងថា នឹងមានដើមទុនឯកជនប្រមាណ ១.៧ពាន់លានដុល្លារ ជាមួយប្រាក់កម្ចីចំនួន ១០ពាន់លានដុល្លារ ពីធនាគារនាំចេញ-នាំចូលអាមេរិក (EXIM)។ តាមមន្ត្រីសេតវិមានម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ គម្រោងនេះប្រើសម្រាប់ការធានាសុវត្ថិភាព ស្តុកទុករ៉ែសំខាន់ៗសម្រាប់អាជីវកម្ម ដូចជាក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យា ដោយបម្រើជាឃ្លាំងស្តុកសម្រាប់វិស័យឯកជនអាមេរិក។

គួរបញ្ជាក់ថា រ៉ែកម្រ ដែលមានសារៈសំខាន់ក្នុងការផលិតអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីស្មាតហ្វូន រហូតដល់យន្តហោះចម្បាំង និងរថយន្តអគ្គិសនី បានក្លាយជាចំណុចចរចាជាយុទ្ធសាស្ត្រ តាំងពីក្រុមហ៊ុនផលិតធំៗរបស់ចិន បានដាក់ចេញនូវការរឹតបន្តឹងលើការនាំចេញកាលពីឆ្នាំមុន។ ឃ្លាំងស្តុករ៉ែសំខាន់ៗដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងប្រកាសនាពេលខាងមុខ គឺមានគោលបំណងកាត់បន្ថយឥទ្ធិពលចិន ទៅតាមពេលវេលា។ គេរំពឹងថាវានឹងមានស្តុកទុកទៅដោយ ទាំងរ៉ែកម្រ និងរ៉ែសំខាន់ រួមជាមួយសារធាតុសំខាន់ៗផ្សេងទៀត៕

 

ព័ត៌មានទាក់ទង