ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថាម៉ិកស៉ិកនឹងឈប់បញ្ជូនប្រេងទៅឱ្យគុយបា

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២ ខែកុម្ភៈ បាននិយាយថាម៉ិកស៉ិកនឹងបញ្ឈប់ការបញ្ជូនប្រេងទៅឱ្យគុយបា ខណៈរូបលោកកំពុងបង្កើនយុទ្ធនាការដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងឡាហាវ៉ាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ មិនបានបញ្ជាក់អ្វីលម្អិតនោះទេ ហើយក៏មិនបានបង្ហើបឱ្យដឹងថាតើហេតុអ្វីបានជាលោកជឿថា ម៉ិកស៉ិកនឹងបញ្ឈប់ផ្គត់ផ្គង់ប្រេងឱ្យគុយបានោះដែរ។ «ម៉ិកស៉ិកនឹងឈប់បញ្ជូនប្រេងទៅឱ្យពួកគេ (គុយបា)»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។ ប៉ុន្តែខាងអាជ្ញាធរម៉ិកស៉ិក មិនបានធ្វើអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ត្រាំ។

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងគុយបា បានផ្ទុះឡើងកាលពីខែមករាកន្លងទៅ បន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើវ៉េណេស៊ុយអេឡា និងចាប់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់គុយបា បញ្ជូនទៅកាន់សហរដ្ឋអាមេរិក។ លោក ត្រាំបានចាត់ទុកគុយបាជាការគំរាមកំហែងមួយចំពោះសន្តិសុខជាតិអាមេរិក ហើយ បានគំរាមដំឡើងពន្ធគយលើប្រទេសណាដែលបន្តផ្គត់ផ្គង់ប្រេងឱ្យគុយបា ដែលកំពុងប្រឈមនឹងការខ្វះខាតថាមពលអគ្គិសនី។

រដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបាននិយាយថាខ្លួននឹងស្វែងរកមធ្យោបាយដឹកជញ្ជូនប្រេងទៅឱ្យគុយបា ក្រោមហេតុផលមនុស្សធម៌ ដោយមិនឱ្យមានការប្រឈមមុខដាក់គ្នាឡើយ៕

ព័ត៌មានទាក់ទង