លោក ហ្សេលេនស្គី៖ រុស្ស៉ីគោរពតាមមួយផ្នែកធំលើបទឈប់បាញ់ស្ដីពីហេដ្ឋារចនាសម្ព័ន្ធថាមពល មុនកិច្ចចរចាសន្តិភាព

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារុស្ស៉ីបានគោរពតាមមួយផ្នែកធំលើបទឈប់បាញ់ស្ដីពីហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ខណៈទីក្រុងកៀវ កំពុងត្រៀមខ្លួនសម្រាប់កិច្ចចរចាត្រីភាគីជុំបន្ទាប់ ដើម្បីរិះរកវិធីបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី២ ខែកុម្ភៈ បានឱ្យដឹងថារុស្ស៉ីមិនបានដឹកនាំការវាយប្រហារដោយដ្រូន ឬមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែននោះទេក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ប៉ុន្តែបន្តបាញ់ផ្លោងលើរោងចក្រថាមពលស្ថិតនៅក្បែរសមរភូមិមុខ។ «វិធានការបន្ធូរបន្ថយជម្លោះ…បាន និងកំពុងជួយដល់ការកសាងទំនុកចិត្តនៅក្នុងដំណើរការនៃកិច្ចចរចា និងលទ្ធផលដែលអាច នឹងកើតមាន។ សង្រ្គាមចាំបាច់ត្រូវតែបញ្ចប់»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី បន្ទាប់ពីបានជួបក្រុមអ្នកចរចារបស់លោក នៅមុនកិច្ចចរចាជុំបន្ទាប់ជាមួយក្រុមមន្ត្រីអាមេរិក និងរុស្ស៉ី ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងទីក្រុង Abu Dhabi ក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើជាលក្ខណៈឯកជនទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យបញ្ឈប់ការវាយប្រហារលើទីក្រុងកៀវ រយៈពេលមួយសប្ដាហ៍ ពោលគឺត្រឹមកាលពីថ្ងៃទី១ ខែកុម្ភៈ៕

ព័ត៌មានទាក់ទង