ចិនប្រហារជីវិតមនុស្ស៤នាក់ទៀត ដែលពាក់ព័ន្ធបណ្តាញឧក្រិដ្ឋកម្មឆបោកនៅមីយ៉ាន់ម៉ា

(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី២ ខែកុម្ភៈ ចិនបានប្រកាសពីការប្រហារជីវិត សមាជិកធំៗចំនួន៤នាក់ នៃក្រុមឧក្រិដ្ឋជនដែលបានធ្វើប្រតិបត្តិការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា ខណៈវាគឺជាសេចក្តីប្រកាសទី២ ក្នុងរយៈពេលក្រោមមួយសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការប្រកាសខាងលើធ្វើឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការនៅទីក្រុង Wenzhou ភាគខាងកើតប្រទេសចិន បានប្រកាសថា ខ្លួនបានប្រហារជីវិតមនុស្សចំនួន១១នាក់ ដែលពាក់ព័ន្ធការធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅប្រទេសមីយ៉ាន់ម៉ា និងជាសមាជិកនៃក្រុមមានរហស្សនាមថា ត្រកូល Ming។

បើតាមតុលាការនៅទីក្រុង Shenzhen មនុស្សទាំង៤នាក់ ដែលទើបត្រូវបានប្រហារជីវិត គឺពាក់ព័ន្ធក្រុមឧក្រិដ្ឋជនមួយផ្សេងទៀត មានរហស្សនាមថា ក្រុមត្រកូល Bai។ ក្រុមឧក្រិដ្ឋជននេះ ត្រូវតុលាការអះអាងថា បានធ្វើប្រតិបត្តិការសំបុកឆបោក នៅតំបន់ Kokang ភាគខាងជើងមីយ៉ាន់ម៉ា ហើយសកម្មភាពរបស់ពួកគេ បានបណ្តាលឱ្យពលរដ្ឋចិន៦នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀត រងរបួស។ អ្នកទាំង៤ ត្រូវបានផ្តន្ទាទោសកាលពីខែវិច្ឆិកា ឆ្នាំមុន ខណៈជនទី៥ ឈ្មោះ Bai Suocheng ក៏ត្រូវបានផ្តន្ទាទោសប្រហារជីវិតដូចគ្នា ប៉ុន្តែក្រោយមកបានស្លាប់ដោយសារជំងឺ។ ជនរូបនោះត្រូវបានអះអាងថា ជាមេខ្លោងក្រុមត្រកូល Bai។

គួរបញ្ជាក់ថា ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរីកស្គុសស្គាយខ្លាំងតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្មានឆ្នាំចុងក្រោយ ទីក្រុងប៉េកាំងបានបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ដើម្បីបង្រ្កាបឧស្សាហកម្មខុសច្បាប់ ដែលមាន​តម្លៃរាប់ពាន់លានដុល្លារមួយនេះ ហើយជាលទ្ធផល ជនសង្ស័យរាប់ពាន់នាក់ ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសចិនវិញ ដើម្បីកាត់ទោស៕

ព័ត៌មានទាក់ទង