រុស្ស៉ីថាត្រៀមជាស្រេចសម្រាប់ពិភពលោកមួយ ដែលគ្មានការកំណត់ចំនួនអាវុធនុយក្លេអ៊ែរ ស្របពេលសន្ធិសញ្ញាជាមួយអាមេរិក កាន់តែជិតផុតសុពលភាព

(មូស្គូ)៖ នាថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ទីក្រុងមូស្គូបាននិយាយថា ប្រទេសរុស្ស៉ីត្រៀមខ្លួនជាស្រេច សម្រាប់ពិភពលោកមួយ ដែលមិនមានការកំណត់ចំនួនអាវុធនុយក្លេអ៊ែរ បន្ទាប់ពីសន្ធិសញ្ញា New START ជាមួយសហរដ្ឋអាមេរិក ផុតសុពលភាពជាផ្លូវការ នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ស្របពេលដែលនៅតែមិនទាន់មានការឆ្លើយតបពីសំណាក់ទីក្រុងវ៉ាស៉ីនតោន ចំពោះសំណើរបស់រុស្ស៉ីដែលចង់បន្តសុពលភាពរបស់​សន្ធិសញ្ញាកំណត់ចំនួនអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ ដែលហៅថា New START អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabkov បានលើកឡើងថា ការមិនផ្តល់ចម្លើយ ក៏ប្រៀបដូចជាចម្លើយមួយផងដែរ ហើយលោកបានអះអាងថា រុស្ស៉ីត្រៀមជាស្រេច សម្រាប់តថភាពថ្មីមួយ ដែលមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីររបស់ពិភពលោក លែងមានការកំណត់ចំនួនអាវុធជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា លុះត្រាតែទីក្រុងមូស្គូនិងទីក្រុងវ៉ាស៉ីនតោន ឈានដល់ការយោគយល់ទ្វេភាគីក្នុងទម្រង់ណាមួយ នៅនាទីចុងក្រោយ សន្ធិសញ្ញា New START ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០១០ ដោយអតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងអតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev នឹងត្រូវផុតសុពលភាព នាថ្ងៃទី៥ ខែកុម្ភៈ ខាងមុខនេះហើយ៕

ព័ត៌មានទាក់ទង