កម្ពុជា-ឡាវ-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍ និងដំណោះស្រាយថ្មីៗ ក្នុងសកម្មភាពបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

(កំពង់ឆ្នាំង)៖ ប្រតិភូជំនាញសរុបចំនួន ២៣រូប មកពីអង្គភាពជំនាញទាំង៣ប្រទេស គឺមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) បានចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Workshop) ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។

សិក្ខាសាលានេះ​ គាំទ្រនិងសហការដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្នុងគោលបំណងផ្តល់ឱកាសជូនអង្គភាពជំនាញទាំង ៣ប្រទេស​កម្ពុជា​ ឡាវ​ និងវៀតណាម ធ្វើការពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយថ្មីៗ ក្នុងវិស័យសកម្មភាព ដែលនឹងជួយជំរុញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឱ្យកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ថែមទៀត។

សិក្ខាសាលានេះ​ មិនត្រឹមតែជាវេទិកាសម្រាប់ពង្រឹងសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាព ជូនដល់ប្រជាពលរដ្ឋ​ ដែលរងផលប៉ះពាល់ដោយសារសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រាមផងដែរ។

តាមកម្មវិធីដែលបានគ្រោងទុកប្រតិភូនៃសិក្ខាសាលានេះ​ ត្រូវចុះពិនិត្យកិច្ចប្រតិបត្តិជាក់ស្តែង​ ក្នុងការបោសសម្អាតចម្ការគ្រាប់របស់អង្គភាព CMAC នៅភូមិសាស្រ្តខេត្តកំពង់ធំ និងការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ក្នុងភូមិសាស្ត្រខេត្តព្រៃវែងជាដើម៕

ព័ត៌មានទាក់ទង