ហ្សេលេនស្គី ទម្លាយតួលេខកងទ័ពអ៊ុយក្រែនពលីជីវិតក្នុងសមរភូមិជាមួយរុស្ស៊ី ទាហានប្រមាណ ៥៥ ០០០នាក់ ត្រូវស្លាប់ក្នុងសង្គ្រាម
ជារឿងដ៏កម្រដែលប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទម្លាយតួលេខកងទ័ពអ៊ុយក្រែនពលីជីវិតក្នុងសមរភូមិជាមួយរុស្ស៊ី ដោយលោកបានឲ្យដឹងថា ទាហានប្រមាណ ៥៥ ០០០នាក់ ត្រូវស្លាប់ក្នុងសង្គ្រាមជិត៤ឆ្នាំមកនេះ។
ថ្លែងប្រាប់ទូរទស្សន៍ France 2 របស់បារាំងនិងត្រូវបានយកមកផ្សាយបន្តដោយសារព័ត៌មាន Sky របស់អង់គ្លេសនៅថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦ លោកហ្សេលេនស្គីទម្លាយថា៖ «នៅអ៊ុយក្រែន ចំនួនទាហានដែលបានពលីនៅលើសមរភូមិជាផ្លូវការ ទាំងទាហានអាជីព ឬអ្នកដែលត្រូវបានកោះហៅឲ្យចូលបម្រើទ័ព គឺមានចំនួន ៥៥ ០០០ នាក់។ បន្ថែមលើចំនួនអ្នកបាត់បង់ជីវិតទាំងនេះ ទាហានមួយចំនួនធំទៀត ក៏កំពុងបាត់ខ្លួនផងដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគសន្តិសុខអន្តរជាតិនិងភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច តែងតែប៉ាន់ស្មានថា តួលេខជាក់ស្តែងរួមទាំងអ្នករបួសធ្ងន់រហូតដល់លែងប្រយុទ្ធបាន គឺអាចនឹងខ្ពស់ជាងនេះឆ្ងាយណាស់។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាខួប២ឆ្នាំនៃសង្គ្រាម លោកហ្សេលេនស្គី ក៏ធ្លាប់បញ្ជាក់ដែរថា ទាហានអ៊ុយក្រែន ៣១ ០០០នាក់បានពលីជីវិតក្នុងសមរភូមិ។
កាលនោះ លោកប្រកាសបែបនេះ ដើម្បីវាយបកទៅលើការឃោសនារបស់រុស្ស៊ីដែលថា អ៊ុយក្រែនបានបាត់បង់ទ័ពរហូតដល់ទៅ ១០ ម៉ឺន ឬ ១៥ ម៉ឺននាក់។
ងាកទៅខាងរុស្ស៊ីវិញ ដ្បិតគ្មានតួលេខច្បាស់ ប៉ុន្តែភ្នាក់ងារស៊ើបការណ៍លោកខាងលិច និង BBC Russian បានប៉ាន់ស្មានថា ចំនួនទាហានរុស្ស៊ីដែលស្លាប់អាចលើសពី ១០០ ០០០ នាក់ ទៅហើយ។
រុស្ស៊ីបានបើកប្រតិបត្តិការយោធា វាយលុកអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ដែលបើតាមការបញ្ជាក់ពីទីក្រុងមូស្គូ, ប្រតិបត្តិការរបស់ខ្លួនគឺធ្វើឡើងគឺដោយសារតែទប់ស្កាត់ការពង្រីកខ្លួនរបស់អង្គការ ណាតូ ទៅទិសខាងកើត, ការការពារតំបន់ដុនបាស, ការលុបបំបាត់ឥទ្ធិពលណាស៊ីនិងធ្វើឲ្យយោធាអ៊ុយក្រែន អស់សមត្ថភាព៕



