សហរដ្ឋអាមេរិក លើកសំណើឱ្យមានការបង្កើតប្លុកពាណិជ្ជកម្មរ៉ែសំខាន់ៗ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ

(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតី លោក JD Vance បានបង្ហាញផែនការមួយទៅកាន់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឱ្យចូលរួមក្នុងប្លុកពាណិជ្ជកម្មរ៉ែសំខាន់ៗក្រោមប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីឱ្យមានការសម្របសម្រួលលើតម្លៃ ខណៈដែលក្រុងវ៉ាស៉ីនតោនបង្កើនកិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយការក្តោបក្តាប់របស់ចិន ចំពោះវត្ថុធាតុដើមដែលបម្រើដល់ឧសហ្សាកម្មផលិតសម្ភារៈទំនើបៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោក Vance បានប្រាប់បណ្តារដ្ឋមន្ត្រីដែលមកទស្សនកិច្ចក្នុងទីក្រុងវ៉ាស៉ីនតោនថា «យើងចង់លុបបំបាត់បញ្ហាពាក់ព័ន្ធរ៉ែសំខាន់ៗតម្លៃថោក ដែលកំពុងហូរចូលមកក្នុងទីផ្សារ ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ យើងនឹងបង្កើតតម្លៃយោងសម្រាប់សារធាតុរ៉ែសំខាន់ៗ នៅដំណាក់កាលនីមួយៗនៃផលិតកម្ម ​​ហើយសម្រាប់សមាជិកប្លុក តម្លៃយោងនេះ នឹងដំណើរការក្នុងកម្រិតនៃអត្រាពន្ធដែលអាចកែសម្រួលបាន»

ចំណែក រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ប្រទេសចំនួន ៥៥ បានចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងវ៉ាស៉ីនតោន ក្នុងនោះមានដូចជាកូរ៉េខាងត្បូង ឥណ្ឌា ថៃ ជប៉ុន អាល្លឺម៉ង់ អូស្ត្រាលី និងកុងហ្គោ ដែលមានសមត្ថភាពចម្រាញ់ ឬរបៀបរុករករ៉ែខុសៗគ្នា។ ដោយមិននិយាយចំឈ្មោះចិន លោក Rubio បញ្ជាក់ថា «រ៉ែត្រូវបានប្រមូលផ្តុំក្នុងដៃនៃប្រទេសមួយ ហើយស្ថានភាពនេះ បានក្លាយទៅជាឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ»

គួរបញ្ជាក់ថា តាមរយៈការធានាតម្លៃអប្បបរមា ក្រោមច្បាប់ពាណិជ្ជកម្មអនុគ្រោះថ្មី ដែលបានស្នើឡើងនេះ ទីក្រុងវ៉ាស៉ីនតោន សង្ឃឹមថានឹងអាចនាំឱ្យមានការវិនិយោគឯកជន នៅក្នុងគម្រោងរុករករ៉ែ និងដំណើរការមួយដើម្បីប្រកួតប្រជែង ជាមួយការផ្គត់ផ្គង់ក្នុងតម្លៃទាបរបស់ចិន៕

ព័ត៌មានទាក់ទង