អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាសហរដ្ឋអាមេរិក កំពុងឆ្ពោះទៅរក «របបផ្តាច់ការ»

(វ៉ាស៉ីនតោន)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានព្រមានថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រែក្លាយទៅជាប្រទេសផ្តាច់ការមួយ ខណៈដែលការស្រាវជ្រាវរកឃើញថា លទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦។

របាយការណ៍ប្រចាំឆ្នាំរបស់អង្គការនៃក្រុមតស៊ូមតិ និងស្រាវជ្រាវ មានមូលដ្ឋានក្នុងទីក្រុងញូវយ៉កមួយនេះ បានឱ្យដឹងថា ការត្រឡប់មកកាន់សេតវិមានវិញរបស់លោក ត្រាំ បានបង្កើនការធ្លាក់ចុះនៃសិទ្ធិមនុស្ស ដែលស្ថិតក្រោមសម្ពាធរួចទៅហើយ ពីរុស្ស៉ី និងចិន ហើយសណ្តាប់​ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់ ​កំពុង​ត្រូវ​បាន​បំផ្លាញ។

នៅក្នុងសហរដ្ឋអាមេរិក អង្គការមួយនេះបានលើកឡើងថា លោក ត្រាំ បានបង្ហាញឱ្យឃើញពីការមិនយកចិត្តទុកដាក់ ចំពោះសិទ្ធិមនុស្ស និងការបំពានធ្ងន់ធ្ងរតាមរូបភាពដែលមិននឹកស្មានដល់ តួយ៉ាងដូចជា ការដាក់ពង្រាយភ្នាក់ងារប្រដាប់អាវុធបិទមុខ ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ដែលបានអនុវត្តការវាយឆ្មក់ដោយហិង្សា និងការបំពានដែលមិនចាំបាច់។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស ក៏បានរំលឹកឡើងវិញនូវការរកឃើញ ដែលថាសហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធ ក្នុងករណីបាត់ខ្លួនដោយបង្ខំ ដែលជាឧក្រិដ្ឋកម្មក្រោមច្បាប់អន្តរជាតិ តាមរយៈការបញ្ជូនជនចំណាកស្រុកវ៉េណេស៊ុយអេឡាចំនួន ២៥២នាក់ទៅកាន់គុកងងឹត នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រផងដែរ។

នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Philippe Bolopion បានអំពាវនាវឱ្យប្រទេសនានា បង្កើតសម្ព័ន្ធភាពដោយផ្អែកលើការគោរពសិទ្ធិមនុស្ស និងគាំទ្រគ្នា រួមទាំងប្រឆាំងនឹងចំណាត់ការពន្ធរបស់លោក ត្រាំ។

គួរបញ្ជាក់ថា របាយការណ៍ ៥២៩ទំព័ររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលបានចេញផ្សាយនាពេលនេះ គឺផ្ទុយពីរបាយការណ៍សិទ្ធិមនុស្សថ្មីចុងក្រោយបង្អស់ ដែលចេញដោយក្រសួងការបរទេសអាមេរិក។ របាយការណ៍សិទ្ធិមនុស្សឆ្នាំ ២០២៤របស់ក្រសួងការបរទេសអាមេរិក មាននិយាយតែពីការលុបបំបាត់សេរីភាពនៃការបញ្ចេញមតិនៅអឺរ៉ុប និងបង្កើនការរិះគន់ប្រេស៉ីល ក៏ដូចជាអាហ្វ្រិកខាងត្បូង ដែលកំពុងមានបញ្ហាជាមួយទីក្រុងវ៉ាស៉ីនតោន៕

ព័ត៌មានទាក់ទង