រដ្ឋមន្ត្រី ហួត ហាក់ វាយតម្លៃខ្ពស់ចំពោះលទ្ធផលសន្និបាត២ថ្ងៃ របស់ក្រសួងទេសចរណ៍ ដែលកើតចេញពីផ្លែផ្កានៃការសហការយ៉ាងស្អិតរមួត ក្រោមដំបូលសន្តិភាព

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ ដែលបានឆ្លុះបញ្ចាំងពីសមិទ្ធផលយ៉ាងត្រចះត្រចង់រយៈពេលមួយឆ្នាំរបស់មហាគ្រួសារវិស័យទេសចរណ៍ ពោលគឺយើងបានរួមគ្នាពិភាក្សា វាយតម្លៃ និងឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ អំពីសមិទ្ធផល បញ្ហាប្រឈម សំណូមពរ និងកាលានុវត្តភាពនៅក្នុងវិស័យទេសចរណ៍កម្ពុជា ដោយមានចំនួនអ្នកចូលរួមយ៉ាងច្រើនកុះករ និងការផ្តល់មតិយោបល់យ៉ាងសកម្មផុសផុល ពីសំណាក់បងប្អូនសមាជិក-សមាជិកាទាំងអស់ ដើម្បីរួមគ្នាផ្តល់ជាធាតុចូលយ៉ាងសំខាន់សម្រាប់លើកទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង។

ក្នុងពិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអន្តរក្រសួង ស្ថាប័ន, អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពីវិស័យឯកជន, លោក លោកស្រីជាមន្រ្តីរាជការក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត ព្រមទាំងសមាគមទេសចរណ៍ក្នុងវិស័យទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនវិនិយោគ មគ្គុទ្ទេសក៍ទេសចរណ៍ សហគមន៍ទេសចរណ៍ បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន Influencers ប្រមាណ ២,០០០នាក់ តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting)។

អស់រយៈពេល២ថ្ងៃមកនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានសង្កត់ធ្ងន់ថា អង្គសន្និបាតទាំងមូល ពិតជាបានចូលរួមវេទិកាពិភាក្សាលើប្រធានបទចំនួន ៩ ការផ្លាស់ប្ដូរយោបល់ និងឯកភាពគា្នលើទិសដៅការងារបន្ត និងបានស្វែងយល់កាន់តែច្បាស់អំពីការលើកកម្ពស់ការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ សំដៅជំរុញវិស័យនេះឱ្យឆ្លើយតបបានកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេល ទៅនឹងការវិវត្តនៃស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ទាំងនៅកម្ពុជា តំបន់ និងសកលលោក ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងទស្សនទាន «មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល» (Leaving No One and No Place Behind)។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា មហាគ្រួសារវិស័យទេសចរណ៍ ត្រូវរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសុខសន្តិភាព ដែលកម្ពុជាយើងរកបានដោយលំបាក តាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មានទេសចរណ៍ដែរ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ក្នុងនាមមហាគ្រួសារវិស័យទេសចរណ៍ យើងសូមប្រកាសជាថ្មីម្តងទៀត គាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណគោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់លើវិស័យទេសចរណ៍ជាប់ជាប្រចាំ ជាពិសេស លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លានេះ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថានឯកអគ្គរដ្ឋទូត ស្ថានឯកអគ្គរាជទូតបរទេសនៅកម្ពុជា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេស ដៃគូអភិវឌ្ឍ សារព័ត៌មាន វិស័យឯកជន គ្រប់ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងសកម្ម ដើម្បីសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ លើការងារអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និងតជំនាន់។

ព័ត៌មានទាក់ទង