អាល្លឺម៉ង់ទទូចឱ្យចិនចូលរួមកិច្ចប្រឹងប្រែងគ្រប់គ្រងសព្វាវុធ ស្របពេលសន្ធិសញ្ញានុយក្លេអ៊ែរអាមេរិក-រុស្ស៉ីផុតសុពលភាព
(កង់បេរ៉ា)៖ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានទទូចឱ្យចិនបង្ហាញភាពអត់ធ្មត់ក្នុងការអភិវឌ្ឍសព្វាវុធរបស់ខ្លួន បន្ទាប់ពីការផុតសុពលភាព នៃសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយបង្អស់ រវាងសហរដ្ឋអាមេរិកនិងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រុមអ្នកជំនាញបានព្រមានថា ទីបញ្ចប់នៃសន្ធិសញ្ញា New START នាថ្ងៃទី៥ ខែកុម្ភៈ អាចនឹងបើកផ្លូវសម្រាប់ការរត់ប្រណាំងសព្វាវុធថ្មីមួយ រវាងក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរ ហើយជំរុញឱ្យចិនពង្រីកចំនួនអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងកង់បេរ៉ាអំឡុងទស្សនកិច្ចនៅប្រទេសអូស្រ្តាលី រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង លោក Johann Wadephul បាននិយាយថា «សន្ធិសញ្ញាគ្រប់គ្រងអាវុធណាមួយក៏ដោយដែលផុតសុពលភាព ចាំបាច់ត្រូវតែជាក្តីកង្វល់សម្រាប់យើង»។
លោក Wadephul បានបន្តថា ចិនគួរតែត្រូវរាប់បញ្ចូលក្នុងកិច្ចប្រឹងប្រែងគ្រប់គ្រងអាវុធថ្មីនាពេលអនាគត។ លោករដ្ឋមន្រ្តីបានបន្ថែមថា «ចិនតែងតែសង្កត់ធ្ងន់ថា ពួកគេឈរនៅជាមួយពហុភាគីនិយម ដូច្នេះពួកគេក៏ត្រូវតែស្តែងចេញពាក់ព័ន្ធការគ្រប់គ្រងសព្វាវុធដែរថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីភាពអត់ធ្មត់ ហើយសញ្ជាក់ថា ពួកគេតម្កល់ការជឿជាក់លើទំនាក់ទំនងអន្តរជាតិ»។
កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានអំពាវនាវឱ្យកិច្ចព្រមព្រៀងថ្មីណាមួយ ចាំបាច់ត្រូវតែរាប់បញ្ចូលចិន។ លោក Rubio បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ កន្លងមកបានបញ្ជាក់ច្បាស់ណាស់ថា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធពិតប្រាកដមួយ ក្នុងសតវត្សរ៍ទី២១នេះ គឺវាមិនអាចទៅរួចទេបើមិនរាប់បញ្ចូលប្រទេសចិន ដោយសារតែចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់ចិន»។
គួរបញ្ជាក់ថា ចំនួនអាវុធនុយក្លេអ៊ែររបសចិន ត្រូវគេរាយការណ៍ថាកំពុងរីកធំឡើងយ៉ាងលឿន ពោលគឺទីក្រុងប៉េកាំង ឥឡូវមានប្រព័ន្ធសម្រាប់បាញ់អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត ប្រហែល៥៥០គ្រឿង ប៉ុន្តែនៅទាបជាងចំនួន៨០០គ្រឿង របស់សហរដ្ឋអាមេរិកនិងរុស្ស៉ី ដែលត្រូវបានកំណត់ក្រោមសន្ធិសញ្ញា New START៕


