(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Milena Caridad Zalddivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា។
លោករដ្ឋមន្រ្តី បានជម្រាបលោកស្រីឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថា កម្ពុជា និងគុយបាមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ មកហើយ។
ក្នុងឱកាសនៃជំនួបពិភាក្សានេះ លោករដ្ឋមន្រ្តី បានជម្រាបលោកស្រីឯកអគ្គរដ្ឋទូត ថា តាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើប្រទេសកម្ពុជាទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងជំរុញឱ្យវិស័យទេសចរណ៍មានការរីកចម្រើន និងត្រូវបានប្រសិទ្ធនាមជា «មាសបៃតង»។
លោករដ្ឋមន្រ្តី គូសបញ្ជាក់ជូនលោកស្រីឯកអគ្គរដ្ឋទូតបន្ថែមទៀតថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព១ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីចូលរួមពិភាក្សាការងារ។
ទន្ទឹមនឹងនេះ លោកស្រី ក៏បានជម្រាបលោករដ្ឋមន្រ្តីអំពី ចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-គុយបាតាមរយៈ ១៖ ស្នើឱ្យមាននូវការពិភាក្សា និងរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ ២៖ ស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៃប្រទេសគុយបានាពេលខាងមុខ និង៣៖ ស្នើសុំឱ្យក្រសួងជួយសម្របសម្រួល ដើម្បីឱ្យមានជំនួបពិភាក្សាជាមួយនឹងសមាគមក្នុងវិស័យទេសចរណ៍នៅកម្ពុជា អំឡុងពេលដែលគណប្រតិភូក្រសួងទេសចរណ៍គុយបា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ។
លោករដ្ឋមន្រ្តី បានឯកភាពតាមការស្នើសុំ និងគាំទ្រឱ្យមានការរៀបចំជា FAM Trip ទៅវិញទៅមក ក៏ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ៕


