សហរដ្ឋអាមេរិកបានចោទប្រកាន់ចិន ថាបានលួចលាក់ធ្វើតេស្ដនុយក្លេអ៊ែរជាសម្ងាត់មួយកាលពីឆ្នាំ២០២០

(ហ្សឺណែវ)៖ សហរដ្ឋអាមេរិកបានចោទប្រកាន់ចិនកាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈថាបានលួចលាក់ធ្វើតេស្ដនុយក្លេអ៊ែរជាសម្ងាត់មួយកាលពីឆ្នាំ២០២០ ខណៈអំពាវនាវឱ្យមានសន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មីមួយដែល រួមមានបញ្ចូលទាំងចិន និងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចោទប្រកាន់បែបនេះដែលធ្វើឡើងនៅឯសន្និសីទមួយស្ដីពីការរំសាយអាវុធសកល បានគូសបញ្ជាក់ពីភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងជុំវិញការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ តែមួយថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៉ីបានផុតកំណត់។ លោក Thomas DiNanno ជាអនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកទទួលបន្ទុកលើកិច្ចការ គ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ បានលើកឡើងនៅឯសន្និសីទស្ដីពីការរំសាយអាវុធក្នុងទីក្រុងហ្សឺណែវថាសហរដ្ឋអាមេរិកបានដឹងថាចិនបានដឹកនាំការធ្វើតេស្ដបំផ្ទុះនុយក្លេអ៊ែរ ហើយយោធាចិនបាន បិទបាំងពីការធ្វើតេស្ដនេះ ពីព្រោះប៉េកាំងដឹងថាការធ្វើតេស្ដនោះបំពានលើការប្ដេជ្ញាចិត្តជុំវិញការធ្វើតេស្ដនុយក្លេអ៊ែរ។ តាមលោក DiNanno ចិនបានដឹកនាំការធ្វើតេស្ដនុយក្លេអ៊ែរជាសម្ងាត់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែតុលា ឆ្នាំមុនបានបញ្ជាឱ្យយោធាអាមេរិកចាប់ផ្ដើមឡើងវិញជាបន្ទាន់នូវនីតិវិធីសម្រាប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដោយនិយាយថាប្រទេស ដទៃទៀតបាននិងកំពុងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកមិនបានបញ្ជាក់ឱ្យច្បាស់ថាប្រទេសណាមួយនោះទេ។ ចិនជារឿយៗបានច្រានចោលការចោទប្រកាន់បែបនេះរបស់សហរដ្ឋអាមេរិក៕

ព័ត៌មានទាក់ទង