កងទ័ពអាមេរិកដំឡើងមីស៊ីលលើប្រព័ន្ធបាញ់ចល័តនៅឯមូលដ្ឋានទ័ពក្នុងប្រទេសកាតា ចំពោះមុខភាពតានតឹងជាមួយអ៉ីរ៉ង់

(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិកឈរជើងនៅមូលដ្ឋានទ័ព al-Udeid របស់កាតា ជាមូលដ្ឋានទ័ពធំជាងគេបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា បានដំឡើងមីស៊ីលនៅលើ ប្រព័ន្ធបាញ់ដែលអាចចល័តបានដើម្បីងាយស្រួលផ្លាស់ទី និងលឿនរហ័ស នៅចំពោះមុខភាពតានតឹងជាមួយអ៉ីរ៉ង់។ នេះបើតាមការវិភាគលើរូបភាពផ្កាយរណប ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការសម្រេចចិត្តដំឡើងមីស៊ីល Patriot លើយានចល័តជំនួសឱ្យជើងទម្រនៅនឹងមួយកន្លែង អាចនឹងសម្រួលដល់កងទ័ពអាមេរិកធ្វើប្រតិបត្តិការវាយប្រហារបានលឿនរហ័ស ហើយអាចផ្លាស់ទី ទៅកន្លែងផ្សេងក្នុងករណីមានការវាយប្រហារពីអ៉ីរ៉ង់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារលើអ៉ីរ៉ង់ ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់តេហេរ៉ង់ ព្រមទាំងការគាំទ្ររបស់អ៉ីរ៉ង់ដល់ក្រុមចលនាប្រដាប់អាវុធនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រៅពីកាតា សហរដ្ឋអាមេរិកក៏មានមូលដ្ឋានទ័ពនៅអ៉ីរ៉ាក់ ហ្ស៊កដានី កូវ៉ែត អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម អូម៉ង់ តួកគី និង Diego Garcia ក្នុងតំបន់មហាសមុទ្រឥណ្ឌា។

អ៉ីរ៉ង់វិញក៏បានគំរាមដែរថាខ្លួនឹងបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកទាំងអស់ក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារណាមួយលើទឹកដីអ៉ីរ៉ង់៕

 

ព័ត៌មានទាក់ទង