សភាពាណិជ្ជកម្មកម្ពុជា ចេញសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញអត្ថន័យពិតនៃការប្រើពាក្យ «លាងបាប» របស់អ្នកឧកញ៉ា គិត ម៉េង ដែលលើកឡើងក្នុងវេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦
(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញការប្រើពាក្យ «លាងបាប» របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានលើកឡើងក្នុងវេទិកាពន្ធដារ នាពេលថ្មីៗ ហើយត្រូវបានបណ្តាញសង្គមមួយចំនួន លើកយកមកបកស្រាយខុសការពិត។
សភាពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ឱ្យដឹងថា កាលពីថ្មីៗនេះមានគណនីបណ្តាញសង្គមមួយចំនួនតូច បានផ្សព្វផ្សាយព័ត៌មានដោយភាន់ច្រឡំអំពីពាក្យ «លាងបាប» ដែលលើកឡើងដោយ អ្នកឧកញ៉ គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងវេទិកាពន្ធដារកាលកន្លងមកនេះ ដោយមានភាពយល់ច្រឡំថា អត្ថន័យដែលបានលើកឡើងគឺ ជាការសុំឱ្យអគ្គនាយកដ្ឋានពន្ធដារ ឈប់ធ្វើបាប ឬលាងបាប ប៉ុន្តែអត្ថន័យពិតប្រាកដមិនដូច្នេះទេគឺពាក្យ «លាងបាប» ដែល អ្នកឧកញ៉ា គិត ម៉េង លើកឡើងនោះ គឺចង់សំដៅ
លើវិស័យឯកជនស្នើសុំឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានពន្ធដាររកឃើញជាបំណុលពន្ធរ៉ាំរ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណាលុបបំណុលពន្ធទាំងនោះចោល។
សភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ «វេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦» នេះឡើង។ នេះគឺជាវេទិការៀបចំឡើងក្រោមកិច្ចសហការរវាង អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា ពោលគឺជាវេទិកាដ៏មានសារៈសំខាន់បំផុត ក្នុងការបើកឱកាសសម្រាប់ការសន្ទនាបែបស្ថាបនា រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សភាពាណិជ្ជកម្មកម្ពុជា សូមអំពាវនាវដោយទទូចដល់វិស័យឯកជន ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា សូមចូលរួមលើកកម្ពស់ «អនុលោមភាពសារពើពន្ធ» និងចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា តាមច្បាប់កំណត់របស់រាជរដ្ឋាភិបាល។ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។
សភាពាណិជ្ជកម្មកម្ពុជា ក៏សូមអំពាវនាវឱ្យសាធារណជនមេត្តាកុំយល់ច្រលំ និងចៀសវាងការចែករំលែកព័ត៌មានដោយមិនបានផ្ទៀងផ្ទាត់ និងសូមមេត្តាពិនិត្យព័ត៌មានពីប្រភពផ្លូវការ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់និងពិតប្រាកដ៕


