អាមេរិក ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយអាស៊ៃបៃហ្សង់ ខណៈចុះកិច្ចព្រមព្រៀងសង់រោចក្រនុយក្លេអ៊ែរ ជាមួយអាមេនី

(បាគូ)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើភាពដៃគូយុទ្ធសាស្រ្ត ជាមួយប្រទេសអាស៊ៃបៃហ្សង់ ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ បន្ទាប់ពីបានព្រមព្រៀងដើម្បីឱ្យសហរដ្ឋអាមេរិក សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ក្នុងប្រទេសអាមេនីនៅសប្តាហ៍នេះ ខណៈទីក្រុងវ៉ាស៉ីនតោន កំពុងស្វែងរកការពង្រីកឥទ្ធិពលក្នុងតំបន់ ដែលរុស្ស៉ីធ្លាប់មានអំណាចខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦។

ប្រធានាធិបតីអាស៊ៃបៃហ្សង់ លោក Ilham Aliyev បានចុះកិច្ចព្រមព្រៀង ជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance អំឡុងទស្សនកិច្ចក្នុងទីក្រុងបាគូ។ នាឱកាសនោះ លោក Aliyev បានបញ្ជាក់ថា ទីក្រុងបាគូ និងទីក្រុងវ៉ាស៉ីនតោន កំពុងចូលដល់ «ដំណាក់កាលថ្មី» នៃកិច្ចសហប្រតិបត្តិការលើការលក់សម្ភារការពារជាតិ និងបច្ចេកវិទ្យា AI ហើយនឹងបន្តកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខថាមពល និងការប្រឆាំងភេរវកម្ម។

លោក Vance បាននិយាយថា សហរដ្ឋអាមេរិក នឹងបញ្ជូននាវាមកអាស៊ែបៃហ្សង់ ដើម្បីជួយការពារដែនទឹក។ អ្វីដែលបានព្រមព្រៀងគ្នារវាងសហរដ្ឋអាមេរិក និងអាស៊ៃបៃហ្សង់នាពេលនេះ គឺផ្អែកតាមកិច្ចចរចារវាងលោក Aliyev និងប្រធានាធិបតី ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៉ីនតោន កាលពីខែសីហា ជាទីដែលលោក Aliyev បានឈានដល់កិច្ចព្រមព្រៀងសន្តិភាព ជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ដើម្បីបញ្ចប់សង្គ្រាមរាប់ទសវត្សរ៍។

នៅឯប្រទេសអាមេនីវិញ លោក Vance បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយលោកនាយករដ្ឋមន្រ្តី Pashinyan ដែលនឹងត្រួសត្រាយផ្លូវឱ្យសហរដ្ឋអាមេរិក សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងប្រទេសដែលពឹងផ្អែកយូរមកហើយ លើការនាំចូលថាមពលពីរុស្ស៉ី និងអ៉ីរ៉ង់។ លោក Vance ក៏បានស្វែងរកការជំរុញរបៀបវីរៈរបស់ លោក ត្រាំ ដើម្បីបង្កើតច្រករបៀង ៤៣គីឡូម៉ែត្រ ឆ្លងកាត់តាមប្រទេសអាមេនីផងដែរ ហើយនឹងផ្តល់ឱ្យអាស៊ែបៃហ្សង់នូវសិទ្ធិចូលទៅកាន់តំបន់ Nakhchivan ដោយផ្ទាល់ និងទៅកាន់ប្រទេសតួគីយ៉េ៕

ព័ត៌មានទាក់ទង