(វីលនីញូស)៖ របាយការណ៍ប្រចាំឆ្នាំនៃទីភ្នាក់ងារចារកម្មបរទេសរបស់ប្រទេសអេស្តូនី ចេញផ្សាយកាលពីថ្ងៃអង្គារ បានឱ្យដឹងថា រុស្ស៉ីគ្មានបំណងធ្វើសកម្មភាពយោធា លើប្រទេសសមាជិកអង្គការណាតូ (NATO) ណាមួយនៅឆ្នាំនេះ ឬឆ្នាំក្រោយទេ ប៉ុន្តែកំពុងប្រណាំងប្រជែងលើការកសាងផ្នែកយោធា ស្របពេលអឺរ៉ុបក៏កំពុងបង្កើនការបំពាក់អាវុធឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦។
ប្រធាននៃទីភ្នាក់ងារ លោក Kaupo Rosin បានប្រាប់អ្នកសារព័ត៌មានថា «អឺរ៉ុប ត្រូវតែវិនិយោគលើវិស័យការពារជាតិ និងសន្តិសុខផ្ទៃក្នុង ធ្វើដូច្នេះ នាពេលអនាគត រុស្ស៉ីអាចសន្និដ្ឋានថា ខ្លួនគ្មានឱកាសអាចប្រឆាំងនឹងប្រទេសណាតូបាន»។ លោកបន្ថែមថា «យើងឃើញថាថ្នាក់ដឹកនាំរុស្ស៉ី ព្រួយបារម្ភខ្លាំងអំពីការបំពាក់អាវុធឡើងវិញរបស់អឺរ៉ុប។ ពួកគេយល់ថា អឺរ៉ុបប្រហែលជាធ្វើសកម្មភាពយោធាដោយឯករាជ្យប្រឆាំងរុស្ស៉ី ក្នុងរយៈពេល ២ទៅ ៣ឆ្នាំទៀត។ គោលដៅរបស់រុស្ស៉ី ឥឡូវនេះគឺពន្យារពេល និងរារាំង»។
តាមទីភ្នាក់ងារចារកម្មបរទេសរបស់ប្រទេសអេស្តូនី ការផលិតគ្រាប់រំសេវបានយ៉ាងឆាប់រហ័ស ធ្វើឱ្យរុស្ស៉ីអាចស្តុកទុកសម្ភារសម្រាប់ធ្វើសង្គ្រាមនាពេលអនាគត ខណៈបន្តប្រយុទ្ធនៅអ៊ុយក្រែន។ របាយការណ៍ប្រចាំឆ្នាំដដែល បានលើកឡើងទៀតថា គោលបំណងរបស់រុស្ស៉ីនៅតែមិនផ្លាស់ប្តូរឡើយ ដោយស្វែងរកការធ្វើឱ្យសហរដ្ឋអាមេរិក និងណាតូបាត់បង់ឥទ្ធិពល ដើម្បីរៀបចំរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបឡើងវិញ ស្របតាមចក្ខុវិស័យរបស់ខ្លួន៕


